មន្ទីរបរិស្ថានរតនគិរី បដិសេធការចោទប្រកាន់ ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយសលើមន្រ្តី
ភ្នំពេញ ៖ មន្ទីរបរិស្ថាន ខេត្តរតនគិរី បដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយស និងកេរ្តិ៍ឈ្មោះ របស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ដោយគ្មានភស្តុតាង ក្រោយការទប់ស្កាត់ការជីករករ៉ែមាសដោយអនាធិបតេយ្យ នៅឃុំជ័យឧត្តម ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តរតនគិរីនៅថ្ងៃទី៧ កញ្ញានេះបានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:១២នាទីព្រឹក មន្ត្រីឧទ្យានុរក្ស នៃទីស្នាក់រងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ បានចុះល្បាត និងប្រទះឃើញក្រុមជន ប្រព្រឹត្តបទល្មើសច្បាប់ ប្រមាណ៨០នាក់ កំពុងជីករករ៉ែមាសដោយអនាធិបតេយ្យ នៅចំណុចភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ស្ថិតក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃលំផាត់ ។

មន្ត្រីឧទ្យានុរក្សបានធ្វើការទប់ស្កាត់ និងណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពដោយសន្តិវិធី ពីព្រោះ នេះជាសកម្មភាពខុសច្បាប់ត្រង់មាត្រា ៨៥០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយពុំមានបង្កជាអំពើហិង្សា ឬការផ្ទុះអាវុធឡើយ ហើយពួកគាត់ក៏បានចាកចេញពីទីនោះ នៅវេលាម៉ោង ១១:២០នាទី។

សេចក្តីប្រកាសបញ្ជាក់ថា ប្រមាណជា២ម៉ោង ក្រោយមក គឺនៅម៉ោង ១៣:១៥ មន្ទីរបរិស្ថានខេត្តរនគិរីបានទទួលព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរយ៏ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សម្នាក់។ ហេតុការណ៍នេះ ត្រូវបានជនឆ្លៀតឱកាសយក មកធ្វើជាការចោទប្រកាន់មកលើមន្ត្រីឧទ្យានុរក្សផង និងញុះញង់បង្កជាបញ្ហា ឈានដល់ការកម្ទេច និងដុតទីស្នាក់ការរងឧទ្យានុរក្សផង ។
មន្ទីរបរិស្ថានខេត្ត ធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រី មានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង និងថ្កោលទោសចំពោះការប្រព្រឹត្តអំពើខុសច្បាប់ លើការបរិហារកេរ្តិ៍ជាសាធារណៈ ការញុះញង់បង្កអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ និងការធ្វើឱ្យបាត់បង់ធនធានធម្មជាតិរបស់ជាតិកម្ពុជា៕




