កម្ពុជា ទទួលបានផល ប្រយោជន៍យ៉ាងច្រើន ពីការវិនិយោគរបស់ចិន
ភ្នំពេញ ៖ កម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការវិនិយោគរបស់ចិន លើវិស័យកម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យា ដោយសារគម្រោងទាំងនោះ ត្រូវបានកសាងឡើង នៅលើមូលដ្ឋាន នៃផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។
នាឱកាសឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាកូលាំងយូ» (Gulangyu Forum) ស្ដីពី កិច្ចពិភាក្សាតុមូល របស់ថ្នាក់ដឹកនាំធុរកិច្ចពិភពលោក សម្រាប់ការវិនិយោគសកល រៀបចំឡើង នៅក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងថា វិនិយោគិនត្រូវការច្បាប់ទម្លាប់ច្បាស់លាស់ រាជរដ្ឋាភិបាល មានភារកិច្ចផ្តល់ជូននូវច្បាប់ប្រកបដោយតម្លាភាព ។

លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា ការវិនិយោគនៅបរទេស ដែលជោគជ័យមិនអាចផ្អែកលើតែដើមទុននោះទេ ប៉ុន្តែទាមទារនូវ «ទំនុកចិត្ត»។ ក្រុមហ៊ុនដែលទៅវិនិយោគបរទេសគួរសម្លឹងមើលខ្លួនឯងជា «ដៃគូអភិវឌ្ឍន៍» របស់ប្រទេសម្ចាស់ផ្ទះ តាមរយៈការបង្កើតការងារ អភិវឌ្ឍសមត្ថភាពក្នុងស្រុក ផ្ទេរបច្ចេកវិទ្យា ថែរក្សាបរិស្ថាន និងគោរពវប្បធម៌មូលដ្ឋាន។

ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា ភាពធន់កើតចេញពីការមានជម្រើសច្រើន។ ការធ្វើពិពិធកម្មទីផ្សារ អ្នកផ្គត់ផ្គង់ ទីតាំងផលិតកម្ម ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គឺជាកត្តាចាំបាច់។ កម្ពុជា បន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន អាស៊ាន និងដៃគូទូទាំងពិភពលោក ដោយមិនតម្រូវឱ្យមានការជ្រើសរើសរវាងដៃគូណាមួយឡើយ ព្រោះការតភ្ជាប់កាន់តែច្រើន នាំមកនូវឱកាសកាន់តែច្រើន និងកាត់បន្ថយហានិភ័យ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការស្ដាប់ ក៏ដូចជាជួយគ្រប់គ្រងហានិភ័យ និងធ្វើការជាមួយគ្នាជាដៃគូរយៈពេលវែង ពីព្រោះនៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរ ការការពារដ៏ល្អបំផុតទល់នឹងភាពមិនប្រាកដប្រជា គឺ «ទំនុកចិត្ត» ដែលត្រូវបានកសាងឡើង តាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូពិតប្រាកដ៕

