សេចក្តីប្រកាសព័ត៌មាន គ.ជ.ប. ស្តីពី ការប្រកាសបើកដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសបើកដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹ ក្សា ឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំ ឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមមានគុណភាពខ្ពស់ មានភាពពេញលេញ មានភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណ របស់អ្នកបោះឆ្នោត។
នាឱកាសនោះ លោក ប្រាជ្ញ ចន្ទ ក៏បានប្រកាសផ្សព្វផ្សាយប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចែកលិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ អន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិអន្តរជាតិ ព្រមទាំងការចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ សម្រាប់សង្កេតមើល និងផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលការចុះឈ្មោះទាំងនោះ មានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ ក្នុងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើ បញ្ជីបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តដោយអនុលោម ទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ លោក បានមានប្រសាសន៍បន្តទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាឆ្នាំទីដប់មួយហើយ ចាប់តាំងពី គ.ជ.ប បានរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ តាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណ ដែលមានតែមួយគត់ សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត កាន់តែមានគុណភាពខ្ពស់ មានភាពពេញលេញ មានភាពត្រឹមត្រូវ មានសុវត្ថិភាព និងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ហើយថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺសំដៅដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក ប្រជាពល រដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កា ត់ អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) និងប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ក្នុងនោះក៏មានការស្រង់ឈ្មោះ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់អ្នកបោះឆ្នោត ដែលទទួលមរណភាព ឬត្រូវបានដកហូតសិទ្ធិបោះឆ្នោត ជាបណ្តោះអាស ន្ន ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។ ការកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) តាមសំណើរបស់សាមីខ្លួ ន ដោយផ្អែកលើ ឯកសារសំអាងត្រឹមត្រូវ។ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ) ចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ឬឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោតពីមុនមក។ ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន ហេតុនេះហើយ ទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់ អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុ ញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ថាការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺជាការចាំបាច់ណាស់ ពីព្រោះជាលក្ខណៈធម្មជាតិក្នុងរយៈពេល ១០ឆ្នាំ ភិនភាគរប ស់ មនុស្សយើងតែងតែមានភាពប្រែប្រួលមួ យ ចំនួន ដូចជាមុខពិតចាស់ជាងមុន និងខ្ចៅដៃសឹកជាដើម ដែលនាំឱ្យមានភាពប្រែប្រួល ឬខុសពីទិន្នន័ យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ដែលអ្នកបោះឆ្នោត បានចុះឈ្មោះ កាលពី ១០ឆ្នាំមុន។ បញ្ហានេះ អាចនាំឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ហើយអាចឈានដល់ការប៉ះពាល់ សិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោត នៅថ្ងៃបោះឆ្នោត។ នៅក្នុងឆ្នាំ២០២៦នេះ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ) នឹងត្រូវអនុវត្តចំពោះអ្នកចុះឈ្មោះ បោះឆ្នោត ក្នុងឆ្នាំ២០១៦ និង២០១៧ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រពីមុនមក។
លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យដំណើរការនេះ អាចប្រព្រឹត្តទៅបានដោយជោគជ័យ និងទាន់ពេលវេលាគ.ជ.ប បានផលិតលិខិតអញ្ជើញអ្នកបោះឆ្នោតចំនួន ១០.១៦២.២៣២សន្លឹក ស្មើនឹងចំនួនប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។ ដំណើ រ ការនៃការផ្ដល់លិខិតអញ្ជើញ ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នៅតាមភូមិ ក្នុងឃុំសង្កាត់ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះ លោក ប្រាជ្ញ ចន្ទ បានបកស្រាយ និងពន្យល់បន្ថែម ពាក់ព័ន្ធនឹងសំណួរក៏ដូចចម្ងល់ របស់ភាគីពាក់ព័ន្ធ ដែលបានលើកឡើង អំពីអត្ថន័យនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលបរិច្ឆេទនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ខុសពីកាលបរិច្ឆេទ ចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកសង្កេតការណ៍បោះឆ្នោត ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ ការផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ថ្មី ការចុះឈ្មោះ និងការទទួលស្គាល់អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍បោះឆ្នោត ផ្ទៃរូបថតរបស់បេក្ខជន ដែលត្រូវយកសម្រាប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។
ជាចុងក្រោយ លោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់ភាគីពាក់ព័ន្ធរួមមាន ប្រជាពលរដ្ឋ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ សូមចូលរួមសហការ បំពេញការងារតាមតួនាទីរបស់ខ្លួន ជួយផ្សព្វផ្សាយជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោ តទាំងអស់ដែលមិនទាន់ បានចុះឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតរួចហើ យប៉ុន្តែបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលទៅឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺថតរូប និង ផ្តិតម្រាមដៃរបស់ខ្លួន ឱ្យបានគ្រប់ៗគ្នា ។
លោក ក៏បានអំពាវនាវផងដែរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត និងសូមជួយសម្រួលបែបបទ ដើម្បីបង្កលក្ខណៈងាយស្រួលនដល់ប្រជាពលរដ្ឋក្នុងការចេញឯកសារជូនពួកគាត់ សម្រាប់ប្រើប្រាស់ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
មុនបញ្ចប់កិច្ចប្រជុំ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដោយអនុវត្តស្របតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្តីណែនាំផ្សេងៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងដោយមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងនឹងទទួលបានជោគជ័យ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ៕











