ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំ ប្រកបដោយបរិយាបន្ន ។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។

សម្តេចធិបតី បន្ដថា ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យ យ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់ តែទូលំទូលាយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់ នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាព អប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោក ទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ស្របពេលដែលពិភពលោក កំពុងអបអរទិវា អក្ខរកម្មអន្តរជាតិ ប្រធានបទនេះ ក៏បានបំពេញបន្ថែមជាមួយនឹង ប្រធានបទ នៃទិវាអក្ខរកម្មអន្តរជាតិ ដោយផ្តោតលើការកសាង មូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍ សង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដែលការណ៍នេះ ស្របជាមួយគ្នានឹងគោលដៅ អភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀប វារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្តីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សា ពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»៕

To Top