Feature

រដ្ឋមន្ដ្រីមហាផ្ទៃ កោតសរសើរ ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងពលរដ្ឋប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងកោតសរសើរខ្ពស់ ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។

ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរខ្ពស់បំផុតចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ បុគ្គលិក និងមន្ត្រីភូមិទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ផ្អែកលើលទ្ធផលនៃការបូកសរុប ការវាយតម្លៃ និងកិច្ចពិភាក្សារបស់អង្គសន្និបាត បានពិនិត្យឃើញនូវសមិទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងអាទិភាពសម្រាប់អាណត្តិទៅមុខទៀត។ ជាពិសេស អង្គសន្និបាត បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ សង្កាត់ គឺ ជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ និងជារដ្ឋបាលនៅកៀកជិត បំផុតរបស់ប្រជាពលរដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រែក្លាយនូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទៅជាសេវាសាធារណៈ ការអភិវឌ្ឍ និងលទ្ធផលជាក់ស្ដែងនៅមូលដ្ឋានរៀងៗខ្លួន។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា សមិទ្ធផលនៅក្នុងអាណត្តិទី៥ មិនត្រឹមតែបានបង្ហាញពីការខិតខំប្រឹងប្រែង និងការរីកចម្រើនរបស់រដ្ឋបាលថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបន្តពង្រឹងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិឱ្កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕

To Top