កម្មករ-កម្មការិនីរោងចក្រលានហ្វាហេងយូ រំសាយការតវ៉ា ក្រោយអាជ្ញាធរ ចុះសម្របសម្រួល ដោះស្រាយតាមគោលការណ៍ច្បាប់
ពោធិ៍សាត់ ៖ កម្មករ-កម្មការិនី នៃរោងចក្រកាត់ដេរ (លានហ្វាហេងយូ) ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រមូលផ្តុំគ្នាតវ៉ា និងបិទផ្លូវជាតិលេខ៥ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។

បើតាមការលើកឡើងរបស់ក្រុមកម្មករ ការតវ៉ានេះកើតឡើង ដោយសារពួកគេមិនពេញចិត្ត ចំពោះលោក ផុង សុខា ដែលជាតំណាងរដ្ឋបាលរោងចក្រ ដោយអះអាងថា លោកបានប្រើប្រាស់ពាក្យសម្តី មិនសមរម្យ ជេរប្រមាថ និងបង្ហាញកាយវិការ មិនសមរម្យចំពោះកម្មករ ។ ក្រុមកម្មករ បានទាមទារ ឱ្យមានការបញ្ឈប់បុគ្គលិករូបនេះពីតំណែង ។
ដើម្បីដោះស្រាយស្ថានការណ៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ តំណាងរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ហេង សុភាណា អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អាជ្ញាធរស្រុកបាកាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច បានចុះអន្តរាគមន៍ និងសម្របសម្រួលជាមួយក្រុមកម្មករ និងភាគីពាក់ព័ន្ធដោយផ្ទាល់ ។

ក្រោយការសម្របសម្រួល លោក ផុង សុខា បានស្ម័គ្រចិត្តដាក់ពាក្យសុំលាលែងពីការងារ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ តាមសំណូមពររបស់ក្រុមកម្មករ ដើម្បីបញ្ចប់ភាពតានតឹងដែលបានកើតឡើង។
ជាមួយគ្នានេះ អាជ្ញាធរបានទទួលយកសំណូមពរផ្សេងៗរបស់កម្មករ ដើម្បីបន្តដោះស្រាយតាមនីតិវិធី និងស្របតាមច្បាប់ស្តីពីការងារ ដោយផ្តោតលើគោលការណ៍ «ឈ្នះ-ឈ្នះ» តម្លាភាព និងយុត្តិធម៌ ព្រមទាំងការពារផលប្រយោជន៍ និងប្រាក់ចំណូលរបស់កម្មករ ក៏ដូចជានិរន្តរភាពរបស់រោងចក្រ។

ក្រោយទទួលបានការសម្របសម្រួល និងដំណោះស្រាយជាបឋម ក្រុមកម្មករ-កម្មការិនី បានយល់ព្រមរំសាយការតវ៉ា និងបញ្ឈប់ការបិទផ្លូវ។ កងកម្លាំងមានសមត្ថកិច្ចបានចុះសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ឱ្យដំណើរការឡើងវិញ ជាប្រក្រតី និងមានសុវត្ថិភាព។
ហេតុការណ៍នេះ ត្រូវបានបញ្ចប់ដោយសន្តិវិធី បន្ទាប់ពីភាគីពាក់ព័ន្ធ បានចូលរួមសម្របសម្រួល និងស្វែងរកដំណោះស្រាយដោយផ្អែកលើច្បាប់ និងផលប្រយោជន៍រួម ៕





ប្រភពដោយ÷ទទក . ទូរទស្សន៍ជាតិ ខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល
