Feature

រដ្ឋមន្ដ្រីមហាផ្ទៃ ព្រមានចាត់វិធានការ អ្នកនាំចូលសាច់ជ្រូកខូចគុណភាព ពីថៃ មកម្ពុជា ឆ្លងកាត់តាមព្រំដែនឡាវ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការព្រមានចាត់វិធានការ ចំពោះអ្នកនាំចូលសាច់ជ្រូក ខូចគុណភាពពីប្រទេសថៃ មកប្រទេសម្ពុជា ឆ្លងកាត់តាមព្រំដែនប្រទេសឡាវ ។

ការព្រមានរបស់ ប្រមុខក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសន្និបាតបូក សរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារសុខាភ្នំពេញ ។

លើសពីនេះ លោកឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថា នាពេលកន្លងមក មានករណីនាំចូលសាច់ជ្រូកខូចគុណភាពពីថៃមកកម្ពុជា ឆ្លងកាត់តាមប្រទេសឡាវ ខណៈមន្ត្រីពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ ត្រូវចាត់វិធានតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។

ឧបនាយករដ្ឋមន្រ្តី ស សុខា មានប្រសាសន៍ថា «រឿងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលមកពីប្រទេសថៃ ប៉ុន្ដែឆ្លងកាត់តាមប្រទេសឡាវ អញ្ចឹងខ្ញុំសូមឱ្យយកចិត្តទុកដាក់ ការបន្លំម៉ាស ជូនការរបស់ដើមហួសសុពលភាព ប៉ុន្ដែវេចខ្ចប់ជាភាសាឡាវនៅកញ្ចប់។ ឥឡូវមានហើយ ទាំងសាច់ជ្រូក ហួសសុពលភាព ហើយក៏បានចូលខ្លះៗមកប្រទេសកម្ពុជារបស់យើង ។ ចឹងសមត្ថកិច្ចជាប់ប្រទេសថៃនេះ យើងអត់មានជម្រើសទេ អ្នកពាក់ព័ន្ធ ត្រូវអនុវត្តតាមច្បាប់ហើយ» ៕

To Top