Feature

ចិន បង្ហាញឆន្ទៈជាថ្មី ក្នុងការបន្តគាំទ្រ យ៉ាងពេញទំហឹង ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ភាគីចិន បានបង្ហាញឆន្ទៈជាថ្មី ក្នុងការបន្តគាំទ្រ យ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការអនុវត្តគម្រោង យុទ្ធសាស្ត្រសំខាន់ៗ ស្របតាមស្មារតីបានព្រមព្រៀង ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ជាក់ស្ដែង នៅថ្ងៃទី៧ កញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយប្រមុខដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តហ្វូជៀន។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ចិន លើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធធំៗ តាំងពីដើមរៀងមក ។ លោក ក៏បានធ្វើបច្បុប្បន្នភាពនៃវឌ្ឍនភាពការងារពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ» និងបានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសារជាថ្មីចំពោះ លោកប្រធានាធិបតី Xi Jinping, ឯកឧត្តមនាយករដ្ឋមន្ត្រី Li Qiang និងរដ្ឋាភិបាលចិន សម្រាប់កិច្ចគាំទ្រគម្រោងជាប្រវត្តិសាស្រ្តដ៏ធំធេងមួយនេះ របស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) និងបានចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត ដោយសារវាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចជាតិ។ ក្នុងស្មារតីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជាក្នុងក្របខ័ណ្ឌតំបន់ និងជាអន្តរជាតិ។

ភាគីចិន បានសម្តែងនូវការរំភើប និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះជំហរការទូតដ៏រឹងមាំរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែទាំវិនិយោគិនចិន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកាយវិការទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី «មិត្តភាពដែកថែប» ពិតៗរវាងប្រទេសទាំងពីរ។

ភាគីចិន ជាពិសេសអាជ្ញាធរខេត្តហ្វូជៀន បានប្តេជ្ញានឹងបន្តជំរុញ លើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងវិនិយោគិនពីខេត្តហ្វូជៀន ទៅបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ឱ្យកាន់តែច្រើនឡើង ព្រមទាំងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចផ្នែកទេសចរណ៍ និងប្រជាជន និងប្រជាជន ដើម្បីរួមចំណែកពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងផ្តល់ផ្លែផ្កាជាក់ស្តែងជូនដល់ប្រជាជាតិនៃប្រទេសទាំងពីរនាពេលអនាគត៕

To Top