អាជ្ញាធរខេត្តពោធិ៍សាត់ សម្របសម្រួលបញ្ចប់វិវាទការងារនៅរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា ដោយជោគជ័យ និងសន្តិវិធី
ពោធិ៍សាត់៖ វិវាទការងាររវាងកម្មករ-កម្មការិនី និងភាគីរដ្ឋបាលនៃរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា (ខេមបូឌា) ហ្កាម៉ិន ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងប្រកបដោយសន្តិវិធីហើយ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំថ្មកែវសាលាខេត្តពោធិ៍សាត់។

កិច្ចប្រជុំសម្របសម្រួលបន្ទាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក ហេង សុភាណា និងលោក រុន សារី អភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, តំណាងកម្មករ, ភាគីក្រុមហ៊ុន, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។

តាមរយៈការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលាពីសំណាក់អាជ្ញាធរខេត្ត គ្រប់ភាគីពាក់ព័ន្ធបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដោយភាពចាស់ទុំ និងទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការស្វែងរកឃើញដំណោះស្រាយរួមមួយ ដែលអាចទទួលយកបានទាំងសងខាង។

ការបញ្ចប់វិវាទដោយសន្តិវិធីនាពេលនេះ មិនត្រឹមតែជួយការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់បងប្អូនកម្មករ-កម្មការិនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាបាននូវបរិយាកាសវិនិយោគដ៏ល្អប្រសើរ និងស្ថិរភាពការងារនៅក្នុងខេត្តពោធិ៍សាត់ផងដែរ៕



