ទូតកម្ពុជានៅ UN បញ្ជាក់ពីទុក្ខវេទនា ជនភៀសសឹក ជាង២ម៉ឺននាក់
ភ្នំពេញ ៖ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ ពីទុក្ខវេទនា របស់ជនភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់ ដែលមិនទាន់ អាចត្រឡប់ទៅផ្ទះវិញ បានដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឡើងដោយយោធាថៃ ។

ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ក្នុងអន្តរាគមន៍ឯកអគ្គរាជទូត គូសបញ្ជាក់ពីផលប៉ះពាល់បន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ ដែលកើតមានពីជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្នុងនោះប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែបន្តភៀសខ្លួន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ ។
ជាមួយគ្នានេះ លោក កែ សុវណ្ណ បានបង្ហាញកង្វល់យ៉ាងធ្ងន់ធ្ងរ ដែលកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសកម្មភាពខុសច្បាប់ នៅក្នុងតំបន់កាន់កាប់ ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយការបង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់ របងលួសបន្លា កុងតឺន័រ ហេដ្ឋារចនាសម្ព័ន្ធយោធានិងស៊ីវិល និងការចេញប័ណ្ណកម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នា ។
ទូតកម្ពុជាបានអំពាវនាវ ឱ្យមានការគោរពពេញលេញ ចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពដែនដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខវេទនា របស់ប្រជាពលរដ្ឋស៊ីវិល និងសម្រេចបាននូវសន្តិភាព យូរអង្វែង៕
