មន្ត្រីជំនាញក្រសួងការងារ កំពុងបន្តដោះស្រាយសំណើ ១ចំណុចទៀតរបស់បងប្អូនកម្មករ នៃក្រុមហ៊ុន យីដា នៅថ្ងៃនេះ ខណៈសំណើ ៣ចំណុច ត្រូវបានដោះស្រាយរួចហើយ
កណ្ដាល ៖ មន្ត្រីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ កំពុងបន្តសម្របសម្រួលដោះស្រាយសំណើ ១ចំណុចទៀតរបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន យីដា មេនូហ្វេកឆឺរើ ខូអិលធីឌី ឯ.ក ខណៈសំណើចំនួន ៣ ក្នុងចំណោមសំណើសរុប ៤ចំណុច ត្រូវបានដោះស្រាយរួចហើយ។

ក្រោយទទួលបានព័ត៌មាន មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលភ្លាមៗ និងបានដោះស្រាយសះ ជាសំណើចំនួន ៣ចំណុច ពាក់ព័ន្ធនឹងការបើកប្រាក់ថ្លៃ បាយពេលធ្វើការថែមម៉ោង ការឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការគណនាឡើងវិញនូវប្រាក់ឈ្នួល និងតម្លៃបុងប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួម ពីតំណាងកម្មករនិយោជិត។

ដោយឡែក សំណើនៅសល់ពាក់ព័ន្ធនឹងការស្នើឱ្យក្រុមហ៊ុនបញ្ឈប់ ជំនួយការផ្នែកទំនាក់ទំនងវិជ្ជាជីវៈម្នាក់ពីការងារ ដោយសារការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើបណ្ដាញសង្គមហ្វេសប៊ុក មន្ត្រីជំនាញក្រសួង និងអាជ្ញាធរមូលដ្ឋាន កំពុងបន្តជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។

ក្រសួងអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈ៕


