សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យផ្អាកបូមខ្សាច់ នៅទីតាំងបាក់ច្រាំងទន្លេ រងចាំការវាយតម្លៃ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមន្ត្រីជំនាញ់ពាក់ព័ន្ធ ចុះពិនិត្យលើកករណីបាក់ច្រាំទន្លេ ខណៈឱ្យផ្អាកជាបណ្ដោះអាសន្នការបូមខ្សាច់ ចំពោះទីតាំងណា ដែលកំពុងបាក់ច្រាំងទន្លេ រងចាំការវាយតម្លៃច្បាស់លាស់ ។
ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកទី២៥ កាលពីទី ២៨ សីហា ២០២៦កន្លងទៅ និងត្រូវបានផ្សព្វផ្សាយជាសាធរណៈនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
តាមរយៈកិច្ចប្រជុំនេះ សម្តេចធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញ និងអជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការបាក់ច្រាំងទន្លេ ត្រូវធ្វើយ៉ាងណាពិនិត្យឱ្យបានច្បាស់ ពោលកន្លែងណាដែលមានបាក់ មន្ទីរជំនាញ រួមទាំងគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលរាជធានីខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដែលមានមន្ទីរធនធានទឹក បរិស្ថាន រ៉ែ និងថាមពល ចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងភ្លាមៗ ។
ដោយសម្តេចបានចាត់ទុក ការចុះពិនិត្យរបស់មន្ត្រីជំនាញ គឺជាកិច្ចការសំខាន់ ដែលមិនអាចទុកចោល បានឡើយ ។
សម្តេចធិបតី ក៏បានផ្តល់យោបល់ឱ្យ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលរាជធានីខេត្ត រួមទាំងមន្ទីរជំនាញ អាចស្នើសុំជំនួយបច្ចេកទេស ពីក្រសួងស្ថាប័នថ្នាក់ជាតិដែលពាក់ព័ន្ធភ្លាមៗ ប្រសិនបើមិនទាន់មានសមត្ថភាព និងលទ្ធភាពបច្ចេកទេសគ្រប់គ្រាន់ ក្នុងការវាយតម្លៃ ។
បន្ថែមលើនេះ បន្ទាប់ពីទទួលបានលទ្ធផលការចុះស្រាវជ្រាវវាយតម្លៃច្បាស់លាស់ សម្តេចធិបតី ក៏បានឱ្យគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលរាជធានីខេត្ត ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មាន និងពន្យល់ អំពីដំណោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយផ្ទាល់ និងឱ្យទាន់ពេល។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវចុះសិក្សា និងស្រាវជ្រាវលម្អិត អំពីករណីបាក់ច្រាំងដែលកើតមានឡើង ត្រូវវាយតម្លៃពិតប្រាកដ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ចំពោះទីតាំងណាដែលកំពុងតែបាក់ ហើយមានសកម្មភាពបូមខ្សាច់ សូមផ្អាកសិនទៅ ។ កុំឱ្យស្មុគស្មាញ អាឡែងតែយើងត្រូវការពារអាទិត្យដើម្បីវាយតម្លៃ បាក់ថែមទៀត បូមនៅហ្នឹងទៀត ប្រទាក់ក្រឡាហើយវាអត់ចំណេញអត់ខាតអីទេ។ សួយសារផ្អាកបន្តិចទៅ។ បើសិនជាមិនទាន់ច្បាស់ គឺសូមធ្វើម៉េចផ្អាកសិនចុះ ឧទាហរណ៍បាក់នៅកន្លែងហ្នឹង មានអាហ្នឹងផ្អាកសិន ហើយចុះសិក្សាវាយតម្លៃឱ្យបានច្បាស់លាស់តែម្តង”៕
