Feature

អគ្គមេបញ្ជាការ ៖ ហ្វឹកហ្វឺនជាស្នូលសំខាន់ ដើម្បីឆ្លើយតបសង្គ្រាមសម័យទំនើប

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ការហ្វឹកហ្វឺនគឺជាស្នូលសំខាន់ ដែលកងវិស្វកម្មត្រូវបង្កើនសមត្ថភាព ដើម្បីឆ្លើយតបនឹងសង្គ្រាមសម័យទំនើប ។

ក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់បុព្វហេតុការពារជាតិ។

លោកក៏បានលើកសរសើរពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រតិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីរួមចំណែកកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកវង្ស ពិសេន សង្កត់ធ្ងន់លើការបន្តកំណែទម្រង់វិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺន ដែលជាស្នូលនៃការកសាងកងទ័ពរឹងមាំ ដោយកិច្ចការអាទិភាព៣ រួមមាន៖ ទី១ ទំនើបកម្មរចនាសម្ព័ន្ធ , ទី២ ទំនើបកម្មគ្រឿងបំពាក់ និងទី៣ ទំនើបកម្មការងារហ្វឹកហ្វឺន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធី និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។

មេបញ្ជាការក៏បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធី ឯកសារហ្វឹកហ្វឺន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព៕

To Top