Feature

នាយឧត្តមសេនីយ៍ ទៀ សីហា បន្តពង្រឹងប្រតិបត្តិការយោធា ជាមួយអូស្ត្រាលី

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងអូស្ត្រាលីឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្នុងជំនួបជាមួយលោក Richard Marles ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តលើទឹកដីអូស្ត្រាលី នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា កិច្ចជំនួបនេះប្រកបដោយផ្លែផ្កា ។ ក្រៅពីទទួលលទ្ធផលល្អ លោកបានបន្តពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីរួមចំណែកដល់សន្តិសុខ សន្តិភាព និងវិបុលភាពក្នុងតំបន់ ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលី ថែមទៀត ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទស្សនកិច្ចជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅអូស្ត្រាលីចាប់ពីថ្ងៃទី៦-១០ ខែកញ្ញា ឆ្នាំ២០២៦។ ដំណើទស្សនកិច្ចផ្លូវការនេះ នឹងបញ្ជាក់ជាថ្មីនូវទំនាក់ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើនជាលំដាប់។ ការពង្រឹងទំនាក់ទំនងនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញការលើកកម្រិតទំនាក់ទំនងទ្វេភាគីឱ្យដល់កម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» នៅពេលឆាប់ៗខាងមុខ ៕

To Top