ខេត្តព្រៃវែង ជាខេត្តទី៣ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)
ព្រៃវែង ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រកាសទទួលស្គាល់ខេត្តព្រៃវែង ជាខេត្តទី៣ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)។

លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានគូសបញ្ជាក់ពីស្ថានភាពភូមិសាស្ដ្រទូទៅ ការងារសន្ដិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពសេវាសាធារណៈទូទៅ ជាពិសេសការកើនឡើងនៃការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង រហូតទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។
ជាមួយគ្នានោះ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ការសម្រេចបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ របស់ខេត្តព្រៃវែងនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីវឌ្ឍនភាព ដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីការធានាការទទួលបានទឹក និងអនាម័យសម្រាប់ទាំងអស់គ្នា។

លោក ឆាយ ឫទ្ធិសែន បានអបអរសាទរចំពោះការទទួលបានសមិទ្ធផលនានា ដែលខេត្តព្រៃវែងសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់ សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាតដើម្បីសុខភាព ការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ដែលធ្វើឱ្យខេត្តព្រៃវែងទទួលបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)៕
