ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះវិហារ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងសន្តិសុខតាមព្រំដែន
ខេត្តព្រះវិហារ៖ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៦ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឱកាសដែលប្រតិភូចុះបំពេញបេសកកម្មការងារនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកគីម រិទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ព្រមទាំងការងារគ្រប់គ្រងជនបរទេស និងការងារអន្តោប្រវេសន៍នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវស្ថិរភាព និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្ត។

ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ទោ ផាន់ រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តព្រះវិហារ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងគាំទ្រដល់សកម្មភាពការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេលកន្លងមក។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើទិសដៅការងារសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តព្រះវិហារ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត សំដៅលើកកម្ពស់ការគ្រប់គ្រងច្រកទ្វារព្រំដែន និងការរក្សាសន្តិសុខសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែល្អប្រសើរ៕

ដោយ៖ សួន ពិសិតដើមអម្ពិល
