Feature

អភិបាលរងរាជធានី ​៖ ចាប់ពីឆ្នាំ២០២៧តទៅ ទីលានចាក់សំរាមខណ្ឌដង្កោ​ នឹងត្រូវជំនួសដោយទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ស្រុកអង្គស្នួល

ភ្នំពេញ៖​ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ​ បានលើកឡើងថា ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការ​ ចាក់សំរាមជាលើកដំបូង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាម ចាស់ នាខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការលើកឡើងរបស់ លោក ហួត ហៃ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងនាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ ជាមួយ លោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ហួត ហៃ ឱ្យដឹងថា ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤៣ហិចតា ដោយជំហានទី១បានរៀបចំរួចរាល់ ជាស្តង់ដា អន្តរជាតិតែម្តង ។ ការប្រមូលថវិកាពីការបង់ថ្លៃសំរាមនេះ ប្រមូលបានប្រមាណ២លានដុល្លារ ក្នុង១ខែ តែត្រូវចំណាយវិញ មានចំនួនច្រើនជាងនេះ ពោលគឺនៅខាតបង់នូវឡើយទេ ។ ក្រុមហ៊ុនប្រមូល ដឹកជញ្ជូនប្រមូលសំរាមទាំង៣ ប្រមូលសំរាមបានប្រមាណ៤១០០តោន ក្នុងមួយថ្ងៃ ខណៈដែលកាលពីមុន មានក្រុមហ៊ុនតែមួយ បរិមាណសំរាមដែលប្រមូលបាន មានត្រឹមតែ២៧០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ។

ជាមួយគ្នានេះ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី ក៏បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញផងដែរ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានល្អ និងការរៀបចំអនាម័យ បរិស្ថានបានល្អផងដែរ ព្រមទាំងចូលរួមអបអរសាទរ ដែលរាជធានីភ្នំពេញទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោក៕

To Top