Feature

លោក ស សុខា ត្រៀមបញ្ចេញរថយន្តទំនើប ចុងក្រោយចល័តស្កេន ផ្លាកលេខខុស ឬក្លែងក្លាយ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា ក្រសួងមហាផ្ទៃ បានត្រៀមបញ្ចេញរថយន្តទំនើប ចុងក្រោយចល័តបំពាក់ បច្ចេកទេស ដើម្បីស្កេនផ្លាកលេខខុស ឬក្លែងក្លាយ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារឃុំ អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងថា ក្រសូងមហាផ្ទៃបានបង្កើតក្រុមការងារមួយទៀត ដើម្បីតាមដានករណីផ្លាកលេខរថយន្តក្លែងក្លាយ ឬខុស។

លោកថា “បន្តិចទៀតនេះ ក្រុមការងារឡានដែលមានកាមេរានេះ គាត់ដើរទៅគាត់អត់ចាប់ភ្លាមទេ តែគាត់វិលជុំ កាមេរាវិលរហូត អីចឹងវាចាប់ផ្លាកលេខតាមផ្លូវហ្នឹងឡាន ដែលពាក់ផ្លាកលេខណាក៏ដោយ បន្ទាប់មកគេនឹងវាយតម្លៃថា តើលេខឡានរាប់ពាន់ឡានក្នុងមួយថ្ងៃនេះ ត្រូវអត់?” ។

លោកបានបញ្ជាក់ពីអត្ថប្រយោជន៍ នៃរថយន្តទំនើបចុងក្រោយចល័ត ដើម្បីស្កេនផ្លាកលេខខុស ឬក្លែងក្លាយថា ពិតជាមានប្រសិទ្ធភាព ព្រោះបើផ្លាកលេខខុស ឬក្លែងក្លាយនឹងលោតសញ្ញាឱ្យបានដឹងតែម្តង ។

សូមបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើសច្បាប់៕

To Top