ព័ត៌មានជាតិ

សម្ដេចធិបតី ស្វាមគមន៍ការប្តេជ្ញាចិត្ត របស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ការលើកឡើង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនោះ, លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ ស្វែងរកកាលានុវត្តភាពបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។

ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ លោក Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី បានកត់សម្គាល់ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ, សម្តេចធិបតី បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ លោក ឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត និងលើកទឹកចិត្ត លោក ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕

To Top