Feature

ក្រសួងមហាផ្ទៃ ផ្តល់សេវាសុខភាព ជនជាប់ឃុំជាង ១លានករណី និងបណ្តុះបណ្តាលទណ្ឌិតជាង ១ម៉ឺននាក់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្តល់សេវាសុខភាពព្យាបាល ដល់ជនជាប់ឃុំទូទាំង ប្រទេសសរុបចំនួន១.៤០២.៥១៧ករណី ក្នុងនោះព្យាបាលនៅប៉ុស្តិ៍សុខភាពពន្ធនាគារ មាន១.៣៩៤.៩៩១ករណី និងបញ្ជូនទៅព្យាបាលនៅខាងក្រៅមាន ៧.៥២៦ករណី ។ នេះបើតាមរបាយការណ៍ដែលក្រសួងមហាផ្ទៃបានកត់ត្រាទុកចាប់ពីដើមឆ្នាំ២០២៣មកដល់ពាក់កណ្ដាលឆ្នាំ២០២៦។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បន្តការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជនជាប់ឃុំជាប្រចាំ ដោយជាលទ្ធផលមានទណ្ឌិតសរុប១៧.៧១៤នាក់ (ស្ត្រី ២.៤៤៨នាក់) ទទួលបានការបណ្ដុះបណ្ដាលនិងមុខរបរសម្រាប់ចិញ្ចឹមជីវិតក្រោយពេលដោះលែង ខណៈអ្នកជាប់ឃុំផ្សេងទៀត ក៏ទទួលបានសេវាស្ដារនីតិសម្បទាតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនានា ដើម្បីធានាថាពួកគេនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គមក្រោយពេលមានសេរីភាព។

គួរកត់សម្គាល់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានបង្កើតកម្មវិធីសិក្សានិងវគ្គបណ្តុះបណ្តាលផ្តល់បំណិនជីវិតដល់ជនជាប់ឃុំជាច្រើនក្រោមទម្រង់នៃកម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈព្រមទាំងកម្មវិធីជំនួយឧបត្ថម្ភរបស់ដៃគូអភិវឌ្ឍន៍នានា។ ជំនាញទាំងនោះមានដូចជា កាត់ដេរ កាត់សក់ សម្អាងការ ប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ជួសជុលម៉ូតូ យានយន្តនិងបរិក្ខារម៉ាស៊ីនត្រជាក់ បច្ចេកទេសកសិកម្ម សិប្បកម្ម សំណង់ស៊ីវិល អេឡិចត្រូនិកនិងជំនាញផលិតកម្ម។

លើការងារអប់រំនេះដែរ បើគិតពីត្រឹមឆ្នាំ២០២៥ ដល់ឆមាសទី១ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំឱ្យជនជាប់ឃុំបានចូលរៀនអក្ខរកម្មថ្នាក់សមមូល និងថ្នាក់ភាសាបរទេសចំនួន ៦.៣៩២នាក់ ក្នុងនោះស្ត្រីមាន៦២៧នាក់។ ផ្អែកតាមលទ្ធផលនៃចលនាប្រឡងប្រណាំងកែប្រែខ្លួនមានទណ្ឌិតចំនួន ២១.២០៤នាក់ (ស្ត្រី ១.៩៩២នាក់) ត្រូវបានពិនិត្យនិងវាយតម្លៃលក្ខណសម្បត្តិសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាមានពន្ធនាគារចំនួន២៥ និងមណ្ឌលអប់រំកែប្រែចំនួន៤។ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប៕

To Top