Feature

ឧបនាយករដ្ឋមន្ត្រី​ សុខ ចិន្តាសោភា​ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងការងារ ដែលបានរៀបចំពិព័រណ៍ការងារ ផ្ដល់ឱកាសការងារ ប្រមាណ ៣៥,០០០កន្លែង

ភ្នំពេញ ៖ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បានរៀបចំ «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ហើយពិព័រណ៍ឆ្នាំនេះនឹងនាំមកនូវឱកាសការងារប្រមាណ ៣៥,០០០ កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រប្រមាណ ១៥០។ យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារ អាចមកដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់នៅទីតាំង ព្រមទាំងទទួលបានការប្រឹក្សាអាជីព និងព័ត៌មានអំពីតម្រូវការទីផ្សារការងារផងដែរ ។

ពិធីបើកពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ធ្វើ​ឡេីងក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ចិន្តាសោភា បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានខិតខំរៀបចំវេទិកាជំនួបដ៏ធំនេះឡើង ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់និយោជក ភ្នាក់ងារជ្រើសរើសបុគ្គលិក និងស្ថាប័នអប់រំបណ្តុះបណ្តាល មានឱកាសបង្ហាញវត្តមាន និងជួបដោយផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារ យុវជន សិស្ស និស្សិត ដើម្បីអាចឱ្យពួកគេសាកសួរ និងទទួលព័ត៌មាន អំពីឱកាសការងារ និងការបណ្តុះបណ្តាល ព្រមទាំងការប្រឹក្សា យោបល់អំពីអាជីព ការងារ និងវិជ្ជាជីវៈ។ ជាមួយគ្នានេះ វេទិកានេះ ក៏នឹងរួម ចំណែកបង្កើន ការយល់ដឹងអំពីការ បង្កើនផលិតភាពការងារ និងការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងភាគី ពាក់ព័ន្ធដែលចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។

លោកបានបញ្ជាក់ថា ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ព្រមជាមួយការដាក់ចេញ នូវកម្មវិធីកំណែទម្រង់មុតស្រួច និងស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការផ្ទុះរាលដាលនៃជំងឺ Covid-19។ នេះគឺជាផលលាភកើតចេញពីការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការលះបង់ដ៏ធំធេង ក៏ដូចជាការខិតខំឥតស្រាកស្រាន្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
កេរដំណែលដ៏ថ្លៃថ្លានេះ កំពុងតែត្រូវបានថែរក្សា និងពង្រីកបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បើទោះបីកម្ពុជាកំពុងប្រឈមភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ សង្គ្រាមពាណិជ្ជកម្ម ការកើនឡើងនូវគោលនយោបាយគាំពារនិយម ការប្រែប្រួលគោលនយោបាយពន្ធគយ ការបន្ទុចបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងការប្រែប្រួល អាកាសធាតុ ជាពិសេសជម្លោះព្រំដែន ដែលបង្កដោយភាគីថៃ យ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញភាពធន់ ។

លោក សុខ ចិន្តាសោភា បានបន្ថែមថា ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម, សណ្តាប់ធ្នាប់សាធារណៈ, ព្រមទាំងការបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ភាពធន់នៃហិរញ្ញវត្ថុសាធារណៈ, កំណើនពាណិជ្ជកម្មអន្តរជាតិ, និងការបណ្តាក់ ទុនវិនិយោគក្នុងស្រុក និងពីបរទេស គឺជាកត្តាសំខាន់បំផុត ក្នុងការជំរុញឱ្យកម្ពុជា មានកំណើនការងារជាបន្តបន្ទាប់ ។ នេះមិនមែនជារឿងចៃដន្យនោះទេ។ តែផ្ទុយទៅវិញ ភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា និង កំណើនការងារជាបន្តបន្ទាប់នេះ កើតឡើងទៅបានដោយសារការ ដាក់ចេញនូវគោល នយោបាយត្រឹមត្រូវ ជាពិសេស យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយកំណត់អាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»។ ក្នុងនោះ «ការអភិវឌ្ឍមូលធនមនុស្ស» និង «ការលើកកម្ពស់ ផលិតភាពការងារ» ត្រូវបានកំណត់ជាគោលដៅ អាទិភាពខ្ពស់សំដៅប្រែក្លាយរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម (Labour-intensive) ទៅជាឧស្សាហកម្មផ្អែកលើជំនាញ (Skill-based Industry) និងផ្អែកលើបច្ចេកវិទ្យា ដែលជាការឆ្លើយ តបច្បាស់លាស់ និងទាន់ពេលវេលា កើតចេញពីការវិភាគ បែបយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តយុទ្ធសាស្ត្រ និងយន្តការនានាពេលកន្លងមក៕

To Top