Feature

រថយន្តធុនធ្ងន់ ដឹកស៊ីម៉ងត៍មួយគ្រឿង បើកចុះចំណោទល្បឿនលឿន ជ្រុលបុករនាំងទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងលើ ផ្លូវជាតិលេខ៤៨

កោះកុង៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងមួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បន្ទាប់ពីរថយន្តធុនធ្ងន់ដឹកស៊ីម៉ងត៍មួយគ្រឿង បានបើកបរក្នុងល្បឿនលឿនចុះចំណោទ រួចជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

រថយន្តបង្កហេតុម៉ាក Cheng Hong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3589 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-4909 ផ្ទុកទៅដោយស៊ីម៉ងត៍ពេញរថយន្ត។ រថយន្តនេះធ្វើដំណើរក្នុងទិសដៅពីតំបន់តារាសាគរ សំដៅទៅកាន់ទីរួមខេត្តកោះកុង។

តាមការសន្និដ្ឋានបឋម មូលហេតុចម្បងដែលនាំឱ្យកើតមានឧបទ្ទវហេតុនេះ គឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន ផ្ទុកទំនិញធ្ងន់លើសកម្រិត ហើយថែមទាំងប្រើប្រាស់ល្បឿនលឿនពេលបើកបរចុះចំណោទ ទើបបណ្តាលឱ្យរថយន្តរេចង្កូតជ្រុលទៅបុកទង្គិចរនាំងពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង និងក្រឡាប់ដោយខ្លួនឯងតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការសម្របសម្រួលចរាចរណ៍ ចៀសវាងការកកស្ទះលើដងផ្លូវ និងចាត់ចែងស្ទូចយករថយន្តចេញពីកន្លែងកើតហេតុ ព្រមទាំងបន្តអនុវត្តនីតិវិធីច្បាប់។

សមត្ថកិច្ចក៏បានអំពាវនាវ ដល់អ្នកបើកបរគ្រប់រូប ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ដឹកទំនិញ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និងបន្ថយល្បឿននៅត្រង់ចំណុចផ្លូវកោង ឬផ្លូវចុះចំណោទ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ដែលអាចបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតមនុស្ស៕

To Top