Feature

លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

បាត់ដំបង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបងដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។

កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញសរុបជាង ២០នាក់។

លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ ១ លានតោនដែលជា មាសសរបស់កម្ពុជាយើង ព្រោះ ១៦ឆ្នាំនេះ តាមការដាក់ចេញគោលនយោបាយតាំងពីឆ្នាំ២០១០មក ថ្វីបើយើងជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានថា តម្លៃស្រូវធ្លាក់ចុះមិនសមហេតុផលនៅឆ្នាំ២០១៦ តែធាតុពិតយើងបានដោះស្រាយជោគជ័យ បញ្ហា គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា ឃ្លាំង ឡសម្ងួតនៅឡើយ ព្រមទាំងទុនបង្វិលធ្វើឲ្យឈ្នួញកណ្តាលទម្លាក់តម្លៃស្រូវកសិករ។

លើសពីនេះលោកបណ្ឌិតបានរំលឹកទៀតថា ដើម្បីរក្សាការនាំ ចេញ ១លានតោនប្រចាំឆ្នាំឬលើសពីនេះ ខាងធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកហិរញ្ញប្បទាន ដូច្នោះសូមរោងម៉ាស៊ីនបន្តបង្កើនសកម្មភាពប្រមូលទិញស្រូវ នឹងពង្រឹងកិច្ចសហការគ្នាធ្វើយ៉ាងណា ដើម្បីសម្រេចឲ្យបានជោគជ័យនូវផែនការនាំចេញអង្ករកម្ពុជាចំនួន ១ លានតោនសម្រាប់ឆ្នាំ២០២៦នេះ។

លោកបណ្ឌិតប្រតិភូបានបញ្ជាក់អំពីការត្រៀមកញ្ចប់ថវិកាគាំទ្រប្រកាសជាផ្លូវការអំពីការត្រៀមបម្រុងកញ្ចប់ឥណទានទុនបង្វិលរហូតដល់ ២០០ លានដុល្លារអាមេរិកពីធនាគារ ARDB សម្រាប់រដូវកាលប្រមូលផលនេះ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងការទិញស្រូវស្តុកទុកទាន់ពេលវេលា  និងរក្សាលំនឹងតម្លៃលើទីផ្សារ។

ជុំវិញព័ត៌មានអំពីការប្រែប្រួលទីផ្សារហ្វីលីពីន ដែលមានការបញ្ជារទិញអង្ករពីវៀតណាមច្រើននោះ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ប្រាប់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងខេត្តជាប់បឹងទន្លេសាបឲ្យពិនិត្យមើលទីផ្សារវៀតណាម ព្រោះចុងក្រោយនេះ កំពុងត្រូវការអង្ករប្រណិតច្រើន ដើម្បីនាំចេញ ក្នុងនោះរោងម៉ាស៊ីនក្នុងស្រុកយើងអាចគិតគូរប្រមូលទិញស្រូវនៅតាមជាប់ព្រំដែនកម្ពុជា និងវៀតណាមបន្ថែមទៀត ដើម្បីបង្កើនការស្តុក និងនាំចេញក្នុងបរិមាណកាន់តែច្រើនថែមទៀត។

បន្ថែមពីនេះ លោកបណ្ឌិតប្រតិភូបានប្រាប់ដល់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករត្រូវខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពោល ដើម្បីជាកម្លាំងដ៏រឹងមាំចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃស្រូវអង្ករកម្ពុជាយើង ព្រមទាំងការពារផលប្រយោជន៍កសិករឲ្យតម្លៃស្រូវរបស់កសិករមានចីរភាព និងមានតម្លៃបន្ថែមខ្ពស់៕

To Top