អគ្គនាយកធនាគារ ARDB បន្តចុះតាមដាន និងវាយតម្លៃ អំពីប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន របស់រាជរដ្ឋាភិបាល
បាត់ដំបង-ពោធិ៍សាត់ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និង ក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។

លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលា ពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយ និងប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។

ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក លោកបណ្ឌិត កៅ ថាច និងសហការីក៏បានចុះពិនិត្យមើលដំណើរការរបស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត មួយកន្លែងស្ថុិតនៅ ឃុំក្តុល ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំងដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងដែរ៕






