ប្រមុខការទូតនិងក្រុមអ្នកច្បាប់កម្ពុជា អញ្ជើញធ្វើដំណើរ ទៅចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សា នៃUNCLOS នៅសិង្ហបុរី
ភ្នំពេញ៖ លោក ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

សូមរំលឹកថា តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ កញ្ញា បានឱ្យដឹងថា «កម្ពុជាស្វាគមន៍ជំហានបន្ទាប់ដ៏សំខាន់នេះ ដែលកម្ពុជានឹងតំណាងដោយ ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង់ រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា»
សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ខែកញ្ញា វេលាម៉ោង ០៨:០០ ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ០៩:០០ ម៉ោងក្នុងប្រទេសសិង្ហបុរី) ហើយនឹងបើកផ្សាយដោយផ្ទាល់ ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងដំណើរតាមសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្ររវាងប្រទេសទាំងពីរ។ កម្ពុជាបានងាកទៅរកការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបាន ប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។
កម្ពុជា ជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាង រដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និងក្នុងស្មារតីសហប្រតិបត្តិការ ដោយ មានទំនុកចិត្តពេញលេញចំពោះគណៈកម្មការផ្សះផ្សានេះ៕
