ACU រកឃើញបេក្ខជន ដាក់ពាក្យប្រឡង ចូលរៀនវិជ្ជាជីវៈមេធាវី ៣នាក់ ប្រើឯកសារក្លែង
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា អ្នកដាក់ពាក្យប្រឡង ចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួនបីនាក់ ប្រើប្រាស់ឯកសារក្លែងក្លាយ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោកសយ ច័ន្ទវិចិត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹងថា គណៈមេធាវីកម្ពុជា បានរៀបចំការប្រឡងជ្រើសរើស ឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដោយកំណត់កាលបរិច្ឆេទ ចាប់ផ្តើមលក់ពាក្យពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ និងបិទបញ្ចប់ការ ទទួលពាក្យនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ការប្រឡងជ្រើសរើសនេះ នឹងមានការចូលរួមសង្កេតការណ៍ដោយ ក្រុមការងារ អ.ប.ព. ។
ដំណើរការប្រឡងនេះ ក្រុមការងារ អ.ប.ព. នឹងចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសនេះ ។ គិតពីថ្ងៃផ្តើមលក់ពាក្យប្រឡង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មកទល់ថ្ងៃបិទបញ្ចប់ក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៦ បេក្ខជនបានមកទិញពាក្យសរុប ៦៦១ ច្បាប់ និងបានដាក់ពាក្យសុំប្រឡងចំនួន ៥៧៤ នាក់ (ក្នុងនោះមានស្ត្រី ២២៣ នាក់ ត្រូវជា ៣៨.៨៥%)។ ទន្ទឹមគ្នានេះ ដើម្បីសម្រួលដល់បេក្ខជនដែលខកខានមិនទាន់មកដាក់ពាក្យតាមកាលបរិច្ឆេទដំបូង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចពន្យារពេលការលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ថែមទៀត។
បើតាមលោកស្រី អ៊ូ ស៊ីថា ឧបការី ដែលដឹកនាំក្រុមការងារ អ.ប.ព. ក្នុងការពិនិត្យផ្ទៀងផ្ទាត់នូវរាល់សំណុំ ឯកសាររបស់បេក្ខជនបានបញ្ជាក់ថា ការដាក់ពាក្យស្នើសុំសិទ្ធិប្រឡង គ្រប់បេក្ខជនទាំងអស់ចាំបាច់ត្រូវតែគោរពតាម លក្ខខណ្ឌ ដែលគណៈមេធាវី កំណត់ ចំនួន ៥ រួមមាន៖ត្រូវមានសញ្ជាតិខ្មែរ , ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ ដែលបានប្រកាសថាមានតម្លៃសមមូល , មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិមឬឧក្រិដ្ឋ ឬផ្តន្ទាទោសជាបទវិន័យ ឬផ្តន្ទាទោសជាបទរដ្ឋបាល ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារអំពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ , មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួន ដែលប្រកាសដោយតុលាការ និងត្រូវមានសីលធម៌ និងកាយសម្បទា គ្រប់គ្រាន់អាចបំពេញការងារបាន ។
លោកស្រីបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់សំណុំឯកសាររបស់បេក្ខជន ក្រុមការងារបានរកឃើញ បេក្ខជនចំនួន៣ នាក់ ដែលបានប្រើប្រាស់ឯកសារក្លែង។
អ.ប.ព. នឹងកោះហៅបេក្ខជនទាំង ៣នាក់ មកបំភ្លឺនៅអង្គភាព ដើម្បីបន្តការស្រាវជ្រាវផ្ទៀងផ្ទាត់ភស្តុតាង និងអនុវត្ត នីតិវិធីពាក់ព័ន្ធ។ ក្នុងករណីដែលរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អ.ប.ព. និងកសាងសំណាងរឿងបញ្ជូន ទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមច្បាប់ជាធរមាន ។
ស្ថាប័នប្រឆាំងអំពើពុក ដោយភាពប្រឆាំងអំពើពុករលួយអំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារ ពិតប្រាកដ និងព័ត៌មានត្រឹមត្រូវក្នុងការដាក់ពាក្យ។ រាល់អំពើក្លែងបន្លំឯកសារ ឬការប្រើប្រាស់ឯកសារក្លែង នឹងត្រូវចាត់ វិធានការតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែង ៕
