ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ច្បាស់ៗពីតម្លាភាព នៃការប្រឡងក្រសួងផែនការ ថា «ជាប់ ឬធ្លាក់ ផ្អែកលើសមត្ថភាពពិត»
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បញ្ជាក់ច្បាស់ៗពីតម្លាភាពនៃការប្រឡងក្រសួងផែនការ ថា «ប្រព័ន្ធបង្កើតឱកាសស្មើគ្នា ជាប់ ឬធ្លាក់ ផ្អែកលើសមត្ថភាពពិត»។

ក្នុងឱកាសកាត់បើកកញ្ចប់សន្លឹកកិច្ចការ និងវិញ្ញាសាទី១ សម្រាប់ការប្រឡងប្រជែង ចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នារសៀលថ្ងៃទី១៤ ខែកញ្ញាំ ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី បានពន្លេចនូវប្រសាសន៍ គន្លឹះដ៏មានអត្ថន័យ និងផ្តល់ទំនុកចិត្តខ្ពស់បំផុតដល់បេក្ខជន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រោមការណែនាំ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ឱ្យគណៈកម្មការរៀបចំប្រព័ន្ធប្រឡងមួយ ដើម្បីផ្តល់ឱកាសស្មើៗគ្នា ដោយមិនចាំបាច់មានខ្សែ ឬមានការអន្តរាគមន៍ពីភាគីណាមួយឡើយ ពោលគឺប្រព័ន្ធនេះធានាបាននូវភាពយុត្តិធម៌ ហើយការជាប់ ឬមិនជាប់ គឺអាស្រ័យលើសមត្ថភាពផ្ទាល់ខ្លួនពិតប្រាកដ»។
លោក បានបន្ថែមថា វិញ្ញាសាទាំងអស់ត្រូវបានលោកគ្រូ អ្នកគ្រូ ចេញ និងជ្រើសរើសជាបន្តបន្ទាប់យ៉ាងសម្ងាត់បំផុត ដោយធានាថាគ្មាននរណាម្នាក់ បានដឹងមុនឡើយ រួមទាំងរូបឯកឧត្តមផ្ទាល់ ដែលជាអ្នកជ្រើសរើសចុងក្រោយផងដែរ។
បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញសន្លឹកកិច្ចការវិញ្ញាសាទី១ ដែលទើបនឹងរៀបចំរួចរាល់ នៅក្តៅៗនៅឡើយ ដោយបញ្ជាក់ជូនបេក្ខជនយ៉ាងច្បាស់លាស់ថា «រាល់ទំព័រនៃសន្លឹកកិច្ចការទាំងអស់ សុទ្ធតែមានការចុះហត្ថលេខា កាលបរិច្ឆេទ និងមានឈ្មោះសម្គាល់យ៉ាងត្រឹមត្រូវបំផុត»៕
