Feature

ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បន្តកិច្ចប្រជុំពិភាក្សា ដើម្បីសិក្សាលទ្ធភាព ក្នុងការដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ លើកទី២ ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

គិតត្រឹមថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៥លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ២លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិតចំនួន ២លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជកចំនួន ១លើកផងដែរ។

នាឱកាសនោះ ភាគីទាំងពីរបានបន្តជជែកពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធ នឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ ។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខកំណើន ១៥,៣ដុល្លារអាម៉េរិក និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្នចំនួន ២១០ដុល្លារអាម៉េរិក។ ដោយឡែក តំណាងភាគីនិយោជកវិញ បានស្នើរក្សាតួលេខបច្ចុប្បន្នចំនួន ២១០ដុល្លារអាម៉េរិក ពីព្រោះកន្លងមកនេះ តំណាងភាគីនិយោជកបានបន្ថែមចំនួន ២,៥ដុល្លារអាម៉េរិក សម្រាប់ជួយសម្រួលបន្ទុកលើការ ចំណាយសោហ៊ុយធ្វើដំណើររួចហើយ។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕

To Top