Feature

មន្ត្រីអង្គការ ILO ៖ ពិព័រណ៍ជាតិការងារ របស់ក្រសួងការងារ បានផ្សារភ្ជាប់យុវជន ជាមួយឱកាសការងារ បានលឿនរហ័ស

ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និង ផលិតភាពការងារ ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានមើលឃើញថា ជាវេទិកាដ៏សំខាន់មួយ ក្នុងការផ្សារភ្ជាប់យុវជនដែលទើបបញ្ចប់ការសិក្សា និងអ្នកស្វែងរកការងារ ជាមួយនឹងនិយោជក និងឱកាសការងារជាក់ស្តែងនៅក្នុងទីផ្សារការងារ។ នេះបើតាម ​លោក អុឹង ហ្សឺឌី មន្ត្រីកម្មវិធីនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា។

លោក អុឹង ហ្សឺឌី បានលើកឡើងថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាកន្លែងសម្រាប់ផ្សព្វផ្សាយព័ត៌មានអំពីការងារប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតបរិយាកាស សម្រាប់ឱ្យអ្នកស្វែងរកការងារ អាចជួបពិភាក្សា ផ្ទាល់ជាមួយក្រុមហ៊ុន និងនិយោជក ព្រមទាំងស្វែងយល់កាន់តែច្បាស់ ពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។

លោកថ្លែងថា៖ «នៅទីនេះមិនមែនគ្រាន់តែជាកន្លែងផ្ដល់ព័ត៌មានជាទូទៅនោះទេ ពីព្រោះយើងមានច្រើនវិស័យ មិនថាសាលារៀន ខាងមហាវិទ្យាល័យ ព័ត៌មានទាក់ទងនឹងការជ្រើសរើសបុគ្គលិក វាចម្រុះ។ ជាពិសេស អ្នកដែលគាត់ចង់រកការងារ គាត់អាចមានលទ្ធភាពជជែកផ្ទាល់ ភ្លាមៗ ជាមួយនឹងក្រុមហ៊ុនផ្ទាល់តែម្ដង»។

លោកបានបន្តថា ការរៀបចំពិព័រណ៍នេះក៏មានសារៈសំខាន់សម្រាប់ឪពុកម្តាយ និងយុវជនដែលកំពុងស្វែងយល់ពីជម្រើសការសិក្សា និងអាជីព ដោយពួកគេអាចទទួលបានព័ត៌មានដោយផ្ទាល់ពីស្ថាប័នបណ្តុះបណ្តាល និងក្រុមហ៊ុននានា មុនពេលសម្រេចចិត្តជ្រើសរើសជំនាញ ឬចូលទៅក្នុងទីផ្សារការងារ។

ជាមួយគ្នានេះ លោក អុឹង ហ្សឺឌី បានកត់សម្គាល់ថា ការជ្រើសរើសជំនាញរបស់យុវជនកម្ពុជាបច្ចុប្បន្ន ក៏កំពុងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយយុវជនកាន់តែងាកមកចាប់យកជំនាញដែលមានភាពជាក់លាក់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។

ក្នុងន័យនេះ ការរៀបចំពិព័រណ៍ជាតិការងារ និង ផលិតភាពការងារជាបន្តបន្ទាប់របស់ក្រសួងការងារ បានដើរតួនាទីជាវេទិកា ដ៏មានប្រសិទ្ធភាពមួយក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ពង្រឹងការតភ្ជាប់រវាងស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន ព្រមទាំងជួយឱ្យយុវជនអាចត្រៀមខ្លួនបានកាន់តែប្រសើរ មុនឈានជើងចូលប្រកួតប្រជែងក្នុងទីផ្សារការងារ។

លោក អុឹង ហ្សឺឌី បានបញ្ជាក់ថា ILO តាមរយៈគម្រោង DEY ដែលសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចូលរួមគាំទ្រដល់ការលើកកម្ពស់ជំនាញរបស់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញសមស្របសម្រាប់ទីផ្សារការងារ។

ជាពិសេស លោកបានសាទរចំពោះការរីកចម្រើននៃការរៀបចំព្រឹត្តិការណ៍នេះពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាន់តែមានការចូលរួមពីវិស័យឯកជន និងមានស្តង់បង្ហាញឱកាសការងារកាន់តែច្រើន ព្រមទាំងទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោកបានលើកឡើងថា៖ «ប្រសិនជាក្រសួងមានលទ្ធភាព ប្រសិនជាអាចមួយឆ្នាំ២ដងក៏បានដែរ ដើម្បីផ្សារភ្ជាប់អ្នកដែលគាត់រៀនចប់ភ្លាម ក៏អាចមកស្វែងរកការងារធ្វើ និងប្រសិនជាអាចអញ្ជើញខាងសាលារៀនឱ្យគាត់មកផ្សព្វផ្សាយឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សារភ្ជាប់យុវជនដែលទើបតែចប់បាក់ឌុបភ្លាម អាចពង្រឹងជំនាញរបស់គាត់សិន មុននឹងស្វែងរកការងារធ្វើបាន»។

គួរបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ លើកទី១៦ ដែលរៀបចំឡើងនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកឱកាសការងារជាង ៣ម៉ឺន៥ពាន់កន្លែង មកផ្តល់ជូនអ្នកស្វែងរកការងារ និងមានការចូលរួមពីក្រុមហ៊ុន សហគ្រាស និងវិស័យឯកជនប្រមាណ ១៥០ក្រុមហ៊ុន ជាមួយនឹងស្តង់តាំងបង្ហាញសរុប ១៧៨ស្តង់៕

To Top