រដ្ឋមន្រ្តីសុខាភិបាល ៖ អាយុវែងដោយសេចក្តីថ្លៃថ្នូរ ជំរុញការចាស់ជរា ប្រកបដោយសុខភាព
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា អាយុវែងដោយសេចក្តីថ្លៃថ្នូរ បានជំរុញការចាស់ ជរាប្រកបដោយសុខភាព និងការគ្របដណ្តប់សុខភាពជាសកលប្រកប ដោយចីរភាពក្នុងអាស៊ាន និងជប៉ុន។

ក្នុងឱកាសដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ជប៉ុន ដោយមានការចូលរួមពី ប្រទេសជាសមាជិកអាស៊ាន ទាំង១១ ព្រមទាំងអគ្គលេខាធិការរងអាស៊ាន និងជប៉ុន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបទអន្តរាគមន៍លើប្រធានបទ “អាយុវែងដោយសេចក្តីថ្លៃថ្នូរ ៖ ជំរុញការចាស់ជរាប្រកបដោយសុខភាព និងការគ្របដណ្តប់សុខភាព ជាសកលប្រកបដោយចីរភាព ក្នុងអាស៊ាន និងជប៉ុន”។ ក្នុងនោះ រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជប៉ុនមានបទពិសោធន៍យូរអង្វែង ក្នុងការដោះស្រាយផលប៉ះពាល់សុខភាពពីភាពចាស់ជរារបស់ប្រជាជន ព្រមទាំងបានប្រមូលទិន្នន័យ បទពិសោធន៍ពហុវិស័យ និងជំនាញជាក់ស្តែង ដែលអាស៊ានអាចទាញ យកអត្ថប្រយោជន៍បានយ៉ាងច្រើន។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ចាំបាច់ត្រូវឈានទៅដំណាក់កាល បន្ទាប់ក្នុងការរួមបញ្ចូលការថែទាំអ្នកចាស់ជរា ដោយភ្ជាប់ការថែទាំសុខភាព ជាមួយការគាំទ្រសង្គម និងកែលម្អការកំណត់តម្រូវការជាក់ស្តែង ជាពិសេស មិនត្រូវផ្តោតតែលើបុគ្គលមានហានិភ័យខ្ពស់ប៉ុណ្ណោះទេ តែត្រូវពិចារណាលើប្រជាជនចាស់ជរាទាំងមូល ដើម្បីអាចបង្ការទុកមុន និងកាត់បន្ថយតម្រូវការថែទាំរយៈពេលវែង។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បាន សង្កត់ធ្ងន់លើការរួមបញ្ចូលការចូលរួមរបស់សហគមន៍ជាមួយនវានុវត្តន៍បច្ចេកវិទ្យា ដើម្បីកំណត់ដំណោះស្រាយ សមស្របតាមបរិបទវប្បធម៌ របស់ប្រទេសនីមួយៗ។ ស្ត្រាចារ្យរដ្ឋមន្ត្រីបន្តទៀតថា ដើម្បីអភិវឌ្ឍវិធីសាស្ត្រពហុវិស័យ ដែលការចាស់ជរាប្រកបដោយសុខភាពត្រូវការចាំបាច់ ត្រូវពង្រឹងមូលដ្ឋានភស្តុតាង និងជំរុញចំណេះដឹងតាមរយៈអ្វីដែលអាចហៅថា “វិទ្យាសាស្ត្រនៃការចាស់ជរា និងសុខភាព” ដោយប្រមូលផ្តុំវិស័យវិទ្យាសាស្ត្រសង្គម និងធម្មជាតិ។

លើសពីនេះ បទអន្តរាគមន៍របស់សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រឹះទាំងនេះចាំបាច់ដើម្បីរក្សាការប្តេជ្ញាចិត្តនយោបាយ ពង្រឹងសមត្ថភាពដឹកនាំ បង្កើតយន្តការសម្របសម្រួលពហុវិស័យប្រកបដោយប្រសិទ្ធភាព និងជំរុញគោលនយោបាយ ដែលលើកកម្ពស់ការយល់ឃើញវិជ្ជមាន របស់សាធារណជនចំពោះភាពចាស់ជរា តាមរយៈបទពិសោធន៍ដ៏ទូលំទូលាយ ជប៉ុនអាចជួយរួមបញ្ចូលការចាស់ជរាប្រកបដោយភាពធន់ សកម្ម និងសុខភាព ទៅក្នុងគោលនយោបាយពហុវិស័យ ដើម្បីចែករំលែកដំណោះស្រាយនវានុវត្តន៍ និងតម្រូវការជាក់ស្តែង រួមមាន៖ ការភ្ជាប់ទំនាក់ទំនងសង្គម ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យាដើម្បីគាំទ្រការថែទាំរួមបញ្ចូល និងការត្រួតពិនិត្យខ្លួនឯង កត្តាបរិស្ថានគាំទ្រ និងបរិស្ថានការងារ និងរស់នៅ ដែលអនុញ្ញាតឱ្យអ្នកចាស់ជរារក្សាសមត្ថភាពមុខងារ ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូរ៕






