មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ !
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធ ភូមិភាគទី៤ បានប្រារព្ធពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ ដែលបច្ចុប្បន្ននេះ គីយោធាថៃ នៅតែរំលោភលើសេចក្ដី ប្រកាសរួម ស្តីពីបទឈប់បាញ់ជាបន្តបន្ទាប់ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លេណដ្ឋាន រាយបន្លាលួសនៅចំណុចមួយចំនួន រំលោភលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ក្រោយពេលបទឈប់បាញ់ចូលជាធរមានរួចហើយ ។ កម្ពុជាបានខិតខំអត់ធ្មត់ ដោយគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ។ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បង្ហាញភស្តុតាងការពិតជាក់ស្ដែង អំពីសកម្មភាពឈ្លានពានរំលោភកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងផែនការបាញ់កំទេចប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា និងបាញ់កំទេចបណ្ដាប្រាសាទបូរាណមួយចំនួនទៀត ដែលជារបស់កម្ពុជា ស្ថិតនៅក្នុងដែនបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នឹងបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់យោធិនគ្រប់រូប មានជាអាទិ ទី១ យោធិនគ្របរូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនានិងព្រះមហាក្សត្រ ដោយត្រូវហ៊ានធ្វើពលកម្មគ្រប់យ៉ាង ដើម្បីការពារបូរណភាពទឹកដី និងដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។ ទី២ ត្រូវយកចិត្តទុកដាក់គោរពតាមបទបញ្ជារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាមួយអាជ្ញាធរដែនដី ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យ ដេីម្បីប្រជាជនកម្ពុជា និងសង្គមជាតិយើងទាំងមូល ។ ក្នុងនោះ ត្រូវការពារឱ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ ។ ទី៣ ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្រ បំប៉នលំហាត់របៀប យុទ្ធវិធី បច្ចេកទេស ជូនដល់យោធិនក្រោមឱវាទ ដើម្បីកាយសម្បទារឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ។ ជាមួយនេះដែរ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនេសាទ ដែលកំពុងតែកេីតមានឡេីងថ្មី ក្នុងពេលដែលជំនន់ទឹកភ្លៀង និងទឹកដែលកំពុងឡើងចេញពីតំបន់បឹងទន្លេសាប ចូលព្រៃរនាម ដែលបច្ចុប្បន្នក្រុមជនល្មើសបានប្រេីប្រាសឧបករណ៍នេសាទខុសច្បាប់ នៅបណ្ដាតំបន់មួយចំនួន ពិសេសនៅតំបន់ព្រំប្រទល់ ស្រុកស្ទោង ខេត្តកំពង់ធំ និងព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប ដូច្នេះកម្លាំងដែលមានភារកិច្ច ត្រូវតែបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះឲ្យបានជាដាច់ខាត ដេីម្បីឲ្យធនធានមច្ឆាជាតិ របស់យេីងបានសំបូរឡើងវិញ ៕ដោយសំនៀង



