Feature

ក្នុងកិច្ចប្រជុំ UNCLOS ! ប្រមុខការទូតកម្ពុជា ថា «ថៃ ប្រកាសលុបចោល ដោយឯកតោភាគីនូវ MOU ២០០១»

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ UNCLOS ! លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា បានលើកឡើងថា ថៃ ប្រកាសជាសាធារណៈអំពីការលុបចោល ដោយឯកតោភាគី នូវអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរីនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ប្រមុខការទូតកម្ពុជា បន្ដថា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៩០ កម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែន សមុទ្រជាមួយថៃ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ធនធានចាំបាច់ សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដូចប្រទេសជិតខាងកម្ពុជាដែលបានទទួលផលប្រយោជន៍នេះអស់រយៈពេល ជាច្រើនទសវត្សរ៍មកហើយ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជានិងថៃបានចាប់ផ្តើមការ ពិភាក្សាគ្នាអំពីព្រំដែនសមុទ្រនៃប្រទេសទាំងពីរ ក្នុងខែមេសា ឆ្នាំ១៩៩៥។

ប្រមុខការទូត បន្ថែមថា មកដល់ឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តី ពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៃខ្ពង់រាបបាតសមុទ្រ ។ អនុស្សរណៈនេះបានឆ្លុះបញ្ចាំងអំពីការ ប្តេជ្ញាចិត្តរួមគ្នា ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធាន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ប្រមុខការទូត បន្ថែមទៀតថា ទោះបីជាមានការខិតខំចរចារកដំណោះស្រាយក៏ដោយក៏ ភាគីទាំងពីរនៅតែមិនអាចឈានដល់ កិច្ចព្រមព្រៀងណាមួយលើបញ្ហាព្រំដែនសមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួម ហើយធនធានក្រោមសមុទ្រ ក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែន ក៏នៅតែមិនទាន់ត្រូវបានរុករក។ ខណៈដែលពិភពលោកកំពុង តែប្រឈមនឹងបញ្ហារាំងស្ទះក្នុងការផ្គត់ផ្គង់ថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ តំបន់យើងនឹងទទួល បានផលប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់ ពីការអភិវឌ្ឍធនធានក្រោមសមុទ្រនេះ។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា «នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ប្រទេសថៃបានប្រកាស ជាសាធារណៈអំពីការលុបចោល ដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ បើទោះបីជាមានការអំពាវនាវជាបន្ត បន្ទាប់ពីសំណាក់ប្រទេសកម្ពុជាសុំឱ្យថៃ គោរពអនុស្សរណៈនេះក៏ដោយ»។

លើសពីនេះ ប្រមុខការទូតកម្ពុជា បានឱ្យដឹងថា ស្ថិតនៅក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណា ដោយហ្មត់ចត់លើគ្រប់ជម្រើសនៃដំណោះស្រាយដោយសន្ដិវិធី ដែលខ្លួនមានស្របតាមច្បាប់អន្តរជាតិ ។ ឈរលើមូលដ្ឋាននៃ ការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចយក ជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ៕

To Top