Feature

ប្រមុខការទូតខ្មែរ ៖ កម្ពុជា មានបំណង ចុះសន្ធិសញ្ញា មួយជាមួយប្រទេសថៃ

ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា គោលបំណងរបស់កម្ពុជា ចម្បងបំផុត គឺមានបំណងចុះសន្ធិសញ្ញា មួយជាមួយប្រទេសថៃ លើតំបន់សមុទ្រត្រួតស៊ីគ្នា។

ការលើកឡើងរបស់លោក ប្រាក់ សុខុន នេះក្នុងកិច្ចប្រជុំរួមបើកចំហរលើកដំបូង របស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។

លោកថ្លែងថា គោលបំណងចម្បងបំផុត របស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។
លោកបញ្ជាក់ថា “ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញា មួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ” ។

លោកបន្ថែមថា ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ ។
រដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងករណីមិនអាចសម្រេចបាន នូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរ ក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀង ទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ច របស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS៕

To Top