Feature

សំឡេងជនរងគ្រោះកម្ពុជា កំពុងរង់ចាំយុត្តិធម៌ ពីសហគមន៍អន្តរជាតិថ្កោលទោសថៃ

ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា បានលើកឡើងថា សំឡេងជនរងគ្រោះ របស់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនគ្រួសារ កំពុងរង់ចាំភាពយុត្តិធម៌ ពីសហគមន៍អន្តរជាតិ លើការថ្កោលទោសទៅភាគីថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម ទំលាក់លើតំបន់ស៊ីវិលកម្ពុជា កាលពីសង្គ្រាមឈ្លានពានកម្ពុជា ឆ្នាំ២០២៥ ។

លោក ហេង រតនា បានឱ្យដឹងថា នៅថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងវៀងចន្ទ ប្រទេសឡាវ មានរៀបចំសន្និសីទ អន្តរជាតិ ស្តីពី ការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញាហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាច្បាប់អន្តរជាតិ ។ ច្បាប់នេះ បានចូលជាធរមានតាំងពីខែកញ្ញា ឆ្នាំ២០១០មកម្លេះ ដោយមានរដ្ឋភាគីចំនួន១២៣ប្រទេស។

លោកថា ប្រទេសកម្ពុជា និងប្រទេសថៃ មិនមែនរដ្ឋភាគី ប៉ុន្តែកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួន តាមខ្លឹមសារ នៃការហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោម ។ ដោយឡែកភាគីថៃបានប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើន និងឃោរឃៅព្រៃផ្សៃមកលើកងទ័ព និងជនស៊ីវិលកម្ពុជា ដោយបានបាញ់ចំនួនប្រមាណ៦-៧លានគ្រាប់ តាមរយៈគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ ប្រមាណជា១២០,០០០ទៅ១៣០,០០០គ្រាប់។

លោកបញ្ជាក់ថា សំណល់គ្រាប់បែកចង្កោម បានបង្កគ្រោះថ្នាក់ស្លាប់ និងរងរបួសដល់កុមារនិងប្រជាពលរដ្ឋ ស៊ីវិលនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ផ្អែកតាមលទ្ធផលស្រាវជ្រាវព័ត៌មាន ផលប៉ះពាល់ដោយសំណល់គ្រាប់បែកចង្កោមនៅ៣៣៥ភូមិ មានកំណត់ត្រាទីតាំងសំណល់គ្រាប់បែកចង្កោមចំនួន៤.២៤៤ពហុកោណ ស្មើនឹង២៩៦.០៩៦ហិកតា ដែលជាដីលំនៅដ្ឋាន ដីភូមិដ្ឋាន ដីកសិកម្ម និងជាដីសេដ្ឋកិច្ចសង្គម ព្រមទាំងហេដ្ឋារចនាសម្ពន្ធរូបវន្តសង្គម។ ដីរងផលប៉ះពាល់ទាំងនេះ ត្រូវប្រឈមមុខជាមួយគ្រាប់បែកចង្កោមប្រភេទM42, M46 និងM85 ទាំងពេលវេលាចំពោះមុខនិងទៅអនាគត។

អគ្គនាយក CMAC សង្កត់ធ្ងន់ថា ជនរងគ្រោះទាំងអស់ រួមទាំង គ្រួសារអ្នកបានស្លាប់ រងរបួស និងអ្នករងគ្រោះ ប្រមាណជាង៩ម៉ឺនគ្រួសារ មានក្តីសង្ឃឹមនិងរង់ចាំយុត្តិធម៌ ជាមួយសំណូមពរដោយទទូច ឱ្យសហគមន៍អន្តរជាតិ ជាពិសេសរដ្ឋភាគីអនុសញ្ញាគ្រាប់បែកចង្កោម ថ្កោលទោសរាជរដ្ឋាភិបាលថៃ និងទាហានថៃដែលបានប្រើប្រាស់ គ្រាប់បែកចង្កោម មកលើកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥ ។ ក្នុងនោះ ក៏ស្នើសុំរួមគ្នាចាត់វិធានការឱ្យអ្នកប្រព្រឹត្តិ “ប្រឆាំងច្បាប់អន្តរជាតិ នៃការហាមឃាត់ប្រើប្រាស់ គ្រាប់បែកចង្កោម”នេះ ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិមួយនេះជាដាច់ខាត ៕

To Top