ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្រុម AOT

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស អនុប្រធាន អធិការកិច្ច នៃកងទ័ពហ្វីលីពីន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) ឱ្យកាន់តែល្អប្រសើរ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងភាគីទាំងពីរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។ ជំនួបនេះ ជាការរួមចំណែកបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិហ្វីលីពីន ដែលបានចាត់តាំងកម្លាំង AOT មកប្រចាំការ នៅកម្ពុជា ដើម្បីចូលរួមផ្ទៀងផ្ទាត់ និងតាមដានការអនុវត្ត កិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ អគ្គមេបញ្ជាការ បានលើកឡើងពីសភាពការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យគណៈប្រតិភូបានជ្រាប និងក្តាប់បាននូវស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។

ក្រោយពីបានទទួលព័ត៌មាន និងក្តាប់បានពីស្ថានភាពជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស បានបញ្ជាក់ពីការបន្តតាមដានការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបន្តពង្រឹងប្រសិទ្ធភាពការបំពេញភារកិច្ចរបស់កម្លាំង AOT ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងរក្សាបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ៕

To Top