Feature

លោក លី ធុជ ៖ ការប្រើគ្រាប់បែកចង្កោមរបស់ថៃ មកលើទឹកដីកម្ពុជា ជាការវាយប្រហារលើស្មារតី និងព្រលឹង នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារ និងជាការដើរថយក្រោយនូវស្មារតី និងព្រលឹងនៃការអនុវត្តអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tamar Gabelnick នាយិកាយុទ្ធនាការអន្តរជាតិហាមឃាត់មីនប្រឆាំងមនុស្ស–សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម (ICBL-CMC) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួម កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅប្រទេសឡាវ។

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់ នាយិកា ICBL-CMC ថា «ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារលើស្មារតីនិងព្រលឹងនៃអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម និងជាការថយក្រោយ ចំពោះការប្តេជ្ញាចិត្តជាសកល ក្នុងការប្រឆាំងនឹងអាវុធដ៏គ្រោះថ្នាក់នេះ»។

លោកទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សកម្មភាពនេះមិនត្រឹមតែបង្កការគំរាមកំហែងថ្មីដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងការតស៊ូមតិរបស់ ICBL-CMC ក្នុងការលុបបំបាត់គ្រាប់បែកចង្កោមទូទាំងពិភពលោក ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យ ICBL-CMC បន្តបង្កើនការតស៊ូមតិ និងបញ្ចេញសំឡេងប្រឆាំងយ៉ាងច្បាស់លាស់ ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមនៅគ្រប់ទីកន្លែង ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងរក្សាស្មារតីមនុស្សធម៌នៃអនុសញ្ញា៕

To Top