អាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING
កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់ នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។
ការចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែស៊ីជម្រៅរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសុខភាពរាងកាយ។ តាមរយៈការហាត់ប្រាណ អ្នកចូលរួមមិនត្រឹមតែទទួលបាន កម្លាំងមាំមួនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។ កម្មវិធីនេះមានការហាត់ប្រាណជាច្រើនប្រភេទ រួមមាន Functional Training, Advanced Training និង Hyrox Workout ដែលផ្តោតលើការពង្រឹងកម្លាំងរាងកាយ ភាពរហ័សរហួន និងសមត្ថភាពរាងកាយឱ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះ ការរៀបចំកម្មវិធីហាត់កីឡារួមគ្នា ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងភាពជិតស្និទ្ធរវាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ ព្រមទាំងបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃការហាត់ប្រាណ និងការថែរក្សាសុខភាព។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងបន្តរៀបចំសកម្មភាពហាត់កីឡានេះជាប្រចាំ រៀងរាល់ចុងសប្តាហ៍ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ មានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងរួមចំណែកកសាងសហគមន៍មួយដែលមានសុខភាពល្អ និងកាយសម្បទារឹងមាំ។









