កងកម្លំាងចម្រុះខេត្តកំពង់ធំ បន្តសកម្មភាពបង្ក្រាប ឧបករណ៍នេសាទខុសច្បាប់ នៅតំបន់ព្រំប្រទល់ ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ !
កំពង់ធំះ ដោយអនុវត្តតាមបទបញ្ជា របស់លោក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកមេបញ្ជាការ យោធភូមិភាគទី៤ ។
នៅព្រឹកថ្ងៃទី ១៥ .១៦ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដាក់បទ បញ្ជា ដល់កងកម្លាំងទីបញ្ជាការស្រាល ប្រចាំការ នៅឃុំពាមបាង សហការជាមួយកងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពបង្ក្រាប ឧបករណ៍នេសាទខុសច្បាប់ ដែលកើតមានឡើង ក្នុងភូមិសាស្ត្រព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងជាប់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ដែលសកម្មភាពនេះដឹកនាំដោយលោកអនុសេនីឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ របស់កងកម្លាំងចម្រុះនៅថ្ងៃនេះ បានធ្វើការកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅនឹងកន្លែងរួមមាន ៖ របាំងស្បៃមុងចំនួន ២៤របាំង ប្រវែងជាង ១,២០០ម៉ែត្រ, ឡុកស្បៃមុងចំនួន ៣៤គ្រឿង, លូឬលប ចំនួន ៤៥មាត់, រុះរើរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន ៣របាំង ប្រវែងជាង ៦៥០ម៉ែត្រ, ឡុកសាច់អួនចំនួន ៦គ្រឿង, លូឬលបសាច់អួនចំនួន ១២មាត់, ចាក់លែងត្រីចម្រុះ ប្រមាណ ចំនួន ៤០គីឡូក្រាម, បង្គោលឈើចំនួន ៩៨០ដើម និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ ដេីម្បីធ្វើឲ្យផលត្រីរបស់យើងបានសំបូរឡើងវិញ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្ត បន្តសកម្មភាពបង្រា្កបបទល្មើសនេសាទខុសច្បាប់ ឱ្យទទួលបានជោគជ័យ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាជនយើងនៅទូទាំងប្រទេស និងថែរក្សារក្សាធនធានមច្ឆាជាតិ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕ដោយសំនៀង








