ព័ត៌មានជាតិ

សម្ដេចធិបតី ៖ សម្រាប់សេវាសុខាភិបាល ឱ្យមានក្រឹត្យក្រមតឹងរឹងចុះ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្រាប់សេវាសុខាភិបាលមួយ គួរឱ្យមានក្រឹត្យក្រមតឹងរឹងចុះ ដើម្បីធានាសុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សម្រាប់សេវាសុខាភិបាលមួយខ្ញុំ ថា គួរឱ្យមានក្រឹត្យក្រមតឹងចុះ ដើម្បីធានាសុខភាពរបស់ប្រជាពលរដ្ឋ។ ក្មួយៗដូចគ្នាដែរ ប្អូនៗរៀនឱ្យចេះ កុំដណ្ដើម កុំទាមទារជាប់អត់ប្រឡងអត់ឱ្យទេ ប្រឡងឱ្យជាប់ ព្រោះពេលដែលយើងចេញទៅធ្វើការ យើងដាក់អនាគតរបស់យើង សមត្ថភាពរបស់យើងជាមួយជីវិតមនុស្ស។ យើងជាឆ្មបជីវិតម្ដាយ ជីវិតកូន បើយើងអត់ច្បាស់បញ្ហា»។

សម្ដេចធិបតី បន្ដថា សុខភាព និងសមត្ថភាពរបស់ពេទ្យត្រូវធ្វើ ពេទ្យរដ្ឋមិនអាចធ្វើបានតែម្នាក់ឯងទេ ត្រូវការការចូលរួមពីវិស័យឯកជន ដៃគូ អង្គការក៏មានដែរនៅយើង អង្គការជាតិ និងអន្តរជាតិ ដែលផ្ដល់សេវាដែលមានគុណភាព។

សម្ដេចធិបតី បន្ថែមថា ប៉ុន្តែ អ្នកដែលប្រតិបត្តិក្នុងវិស័យនេះ មិនថារដ្ឋ មិនថាវិស័យឯកជន ត្រូវគោរពឲ្យបានតឹងរ៉ឹងទៅតាមក្រមសីលធម៌ អនុលោមតាមច្បាប់បទដ្ឋានជាធរមាន ដើម្បីធានាថាសេវាមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងស្តង់ដាសុវត្ថិភាពជួយដល់អ្នកជំងឺ៕

To Top