ព័ត៌មានជាតិ

សម្តេចធិបតី ប្រកាសថា កុំមកសុំអាជ្ញាបណ្ណ បើកកាស៊ីណូ នៅខេត្តសៀមរាប គឺមិនឱ្យជាដាច់ខាត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា ខេត្តសៀមរាប មិនអនុញ្ញាត ឱ្យមានការវិនិយោគបើកកាស៊ីណូ ជាដាច់ខាត ហើយបើធ្វើសណ្ឋាគារ ឬកន្លែងផ្សេងៗ គឺអនុញ្ញាត ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បើថារលំដោយសារអត់កាស៊ីណូ ឲ្យរលំចុះ ព្រោះខេត្តសៀមរាប គឺជាខេត្តបេតិកភណ្ឌ។

សម្ដេចធិបតី មានប្រសាសន៍ថា «ហើយមានអ្នកខ្លះ ចង់សុំអាជ្ញាប័ណ្ណកាស៊ីណូនៅសៀមរាប។ ដាច់ខាត តាំងពី សម្ដេចតេជោ មក រដ្ឋាភិបាលថ្មីដែល ខ្ញុំដឹកនាំ គឺដាច់ខាតមិនឲ្យមានអាជ្ញាប័ណ្ណកាស៊ីណូណានៅសៀមរាបទេ។ និយាយឲ្យច្បាស់ សុំឲ្យច្បាស់ហើយ អត់មានទេ។ អញ្ចឹង សុំកុំមកសុំអាជ្ញាប័ណ្ណកាស៊ីណូនៅខេត្តសៀមរាប។ អត់ទេ! ធ្វើអូតែលឲ្យធ្វើ ធ្វើស្អីឲ្យធ្វើ ប៉ុន្តែកាស៊ីណូសៀមរាបអត់ទេ»។

សម្ដេចធិបតី បន្ថែមថា រឿងអនឡាញ ភ្នាល់ល្បែងអនឡាញគិតមកដល់ម៉ោងនេះ រាជរដ្ឋាភិបាលបិទហើយ។ សម្ដេច ថា «ស្កែមអនឡាញ យើងនៅបន្តវាយរហូតមិនឲ្យងើបឡើងវិញទេ ច្បាប់យើង»។

សម្ដេចធិបតី បន្ដទៀតថា នៅពេលខាងមុខនេះ អន្តរជាតិសហការជាមួយកម្ពុជា ដើម្បីធ្វើសន្និសីទអន្តរជាតិប្រឆាំងស្កែមនៅកម្ពុជា។

សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា «អន្តរជាតិសហការជាមួយយើងដើម្បីធ្វើសន្និសីទអន្តរជាតិប្រឆាំងស្កែមនៅកម្ពុជា ជាការទទួលស្គាល់ធំណាស់របស់អន្តរជាតិនូវការខិតខំប្រឹងប្រែងរបស់យើង»

To Top