សម្តេច ម៉ែន សំអន ណែនាំ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបន្ដពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានណែនាំដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបន្ដពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីជំរុញឱ្យការអនុវត្តតួនាទីនិងភារកិច្ចរបស់សាខាសមាគម កាន់សម្រេចបានលទ្ធផល ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសុន្ទរកថាស្វាគមន៍ចំពោះវត្តមាន ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបានជម្រាបជូនថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ គឺជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយនិងកម្មវិធីរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ដ្រី បានជម្រាបជូនបន្ថែមអំពី ការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព តាមរយៈការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានកម្មវិធីអាទិភាពចំនួន ៥។ ទន្ទឹមនោះដែរ ក្រសួងបានយកចិត្តទុកដាក់ ក្នុងការងារលើកកម្ពស់សិទ្ធិស្រ្តី ដោយបង្កើនចំនួនមន្រ្តីរាជការជាស្រ្តី ឱ្យទទួលបានមុខងារ និងតួនាទីធ្វើសេចក្តីសម្រេចចិត្ត នៅគ្រប់រចនាសម្ព័ន្ធគ្រប់គ្រង តាមអង្គភាពក្រោមឱវាទ ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការនិងជាប្រធានប្រតិបត្តិសាខាសមាគម បានឡើងធ្វើរបាយការណ៍ អំពីលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានបង្ហាញនូវការសមិទ្ធផលជាច្រើន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ទាំងនៅក្នុងការងារក្រសួងអភិវឌ្ឍន៍ជនបទ និងការងារសប្បុរសធម៌នានា។

បន្ទាប់មក លោកស្រី សាន្ដ អរុណ សមាជិករដ្ឋសភា និងជាអនុប្រធានសមាគម បានអានសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានសមាសភាពសរុបចំនួន ៧៩រូប ក្នុងនោះថ្នាក់កិត្តិយសមានចំនួន ២២រូប និងថ្នាក់ប្រតិបត្តិមានចំនួន ៥៧រូប។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រគល់សេចក្ដីសម្រេចជូន លោកស្រី វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគម និងប្រគល់ត្រា ជូនលោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានសាខាសមាគម។

ថ្លែងក្នុងពិធីសំណេះសំណាលនាកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងការកោតសរសើរចំពោះ លោកស្រី និងបងប្អូននារីទាំងអស់ដែលត្រូវបានផ្តល់សេចក្តីទុកចិត្ត គាំទ្រ និងតែងតាំងបំពេញបន្ថែម ក្នុងសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទនា។

សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបុរេសកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងផ្តល់តម្លៃជាយុទ្ធសាស្ត្រថា “ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ក្នុងបរិបទនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់លាស់ នូវការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាច និងការបង្កើនតួនាទីស្នូលរបស់ស្ត្រី ទាំងនៅក្នុងរចនាសម្ព័ន្ធស្ថាប័នរដ្ឋ និងក្នុងប្រព័ន្ធអេកូឡូស៊ី នៃវិស័យឯកជន ជាកាតាលីករ និងជាអាទិភាពគន្លឹះមិនអាចខ្វះបាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

ជាកិច្ចបញ្ចប់ លោក ឆាយ ឫទ្ធិសែន និងលោកជំទាវ បានជូនបាច់ផ្កានិងវត្ថុអនុស្សាវរីយ៍ចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ប្រធានសមាគម និងលោកជំទាវអនុប្រធានសមាគម ព្រមទាំងជូនបាច់ផ្កាដល់លោកជំទាវប្រធានគិត្តិយសសាខាសមាគម ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕
