ទៅដាក់អន្ទាក់សត្វជាមួយគ្នា ម្នាក់បានស្លាប់ ម្នាក់ទៀតក្លាយជាជនសង្ស័យ ករណីឃាតកម្មដោយអចេតនា នៅស្រុកពេជ្រាដា
មណ្ឌលគិរី៖ បុរសវ័យ២៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីកាំភ្លើងកែច្នៃ ដែលដឹកតាមម៉ូតូបានផ្ទុះ បណ្តាលឱ្យគ្រាប់ត្រូវក្បាល ខណៈជនរងគ្រោះ និងជនសង្ស័យកំពុងធ្វើដំណើរទៅមើលអន្ទាក់សត្វព្រៃ។
ហេតុការណ៍នេះ កើតឡើងនៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិពូជ្រៃចុងផាង (ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកពេជ្រាដា ជនរងគ្រោះឈ្មោះ សាណី ណាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងមានទីលំនៅក្នុងមូលដ្ឋានកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ឃុន ត្រឹក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ ។
ប្រភពដដែលបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នា ទៅដាក់អន្ទាក់ខ្សែភ្លើងឆក់ នៅក្នុងចម្ការដំឡូងមី ។ ក្រោយមក ពួកគេបានសង្កេតឃើញសញ្ញាថា មានសត្វជ្រូកព្រៃជាប់អន្ទាក់ ហើយបានទៅពិនិត្យទីតាំង ។
នៅពេលទៅដល់ ពួកគេឃើញស្លាកស្នាមជ្រូកព្រៃ ដែលរងរបួស និងដានជើងចូលព្រៃ។ បន្ទាប់មក ជនរងគ្រោះបានទូរស័ព្ទ ហៅបងប្រុសរបស់ខ្លួន និងអ្នកផ្សេងទៀត ព្រមទាំងយកសត្វឆ្កែទៅជួយស្វែងរកជ្រូកព្រៃ ប៉ុន្តែមិនឃើញ ហើយដោយសារមេឃជិតភ្លៀង ពួកគេបាននាំគ្នាត្រឡប់ទៅរោងចម្ការ ។

សមត្ថកិច្ចបញ្ជាក់ថា នៅពេលជនរងគ្រោះកំពុងជិះម៉ូតូដឹកជនសង្ស័យត្រឡប់មកក្រោយ ដោយជនសង្ស័យបានកាន់កាំភ្លើងកែច្នៃដែលដាក់នៅចំហៀងម៉ូតូ ផ្លូវក្នុងចម្ការមានសភាពរអិល បណ្តាលឱ្យម៉ូតូរអិលកង់ក្រោយ និងកាំភ្លើងបានប៉ះដើមកៅស៊ូ។
ការប៉ះទង្គិចនេះ ត្រូវបានរាយការណ៍ថា បណ្តាលឱ្យកៃកាំភ្លើងផ្ទុះ ហើយគ្រាប់បានត្រូវក្បាលជនរងគ្រោះ ពីខាងក្រោយធ្លាយទៅផ្នែកថ្ងាស បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បងប្រុសរបស់ជនរងគ្រោះឈ្មោះ សាណី ជូត បានប្រាប់សមត្ថកិច្ចថា ក្រោយពីបានឮសំឡេងហៅឱ្យជួយ គាត់បានទៅកន្លែងកើតហេតុ និងឃើញប្អូនប្រុសដេកផ្កាប់មុខលើដី មានឈាមហូរចេញពីក្បាល និងច្រមុះ។ ក្រោយពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ គាត់បានទូរស័ព្ទជូនដំណឹងដល់ឪពុក ដើម្បីយកសពទៅធ្វើបុណ្យ។
ការពិនិត្យរបស់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរកឃើញស្នាមរបួសនៅផ្នែកក្បាលខាងមុខ និងខាងក្រោយ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងកែច្នៃចំក្បាល ធ្លាយពីខាងក្រោយទៅខាងមុខ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ១គ្រឿង កាំភ្លើងកែច្នៃ១ដើម កាំបិតស្នៀត១ កាបូបស្ពាយ និងសម្ភារៈពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើង ព្រមទាំងអាគុយ ខ្សែលួស និងឧបករណ៍ឆក់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង ដើម្បីបញ្ជូនទៅការិយាល័យជំនាញ កសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
