Feature

កំណត់ត្រាជាលើកដំបូង នៃវត្តមានសត្វកម្រ ជិតផុតពូជចំនួន ៣ប្រភេទ នៅតំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល

ភ្នំពេញ ៖ កំណត់ត្រា ជាប្រវត្តិសាស្រ្តដំបូងបំផុត សម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុងមាន ថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ មានប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដូចជា សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ។

រូបថត និង វីដេអូជាច្រើន ត្រូវបានថតពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុង ពេលសិក្សាស្រាវជ្រាវ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតំបន់នោះ ដែលជាកិច្ចសហការរួមគ្នា រវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី (FCEE) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។

កំណត់ត្រាដំបូងទាំងនេះ គឺជាសញ្ញាលើកទឹកចិត្តដល់ការអភិរក្ស ប្រភេទសត្វក្នុងចំណោមប្រភេទសត្វថនិក សត្វថ្នាក់ធំដែលរងការគំរាមកំហែង នៅតំបន់ឥណ្ឌូចិន ។ នៅប្រទេសកម្ពុជា សត្វក្ដាន់ ត្រូវបានគេរកឃើញជាថ្មី នៅខេត្តក្រចេះ ក្នុងឆ្នាំ២០០៦ ដូច្នេះភស្តុតាងនៃវត្តមានជាថ្មី របស់ប្រភេទនេះគឺជាព័ត៌មានដ៏គួរឲ្យរំភើបរីករាយ។

លោកស្រី Vanessa Herranz Muñoz នាយិកា FCEE មានប្រសាសន៍ថា «បេសកកម្មរបស់យើងខ្ញុំ គឺផ្តោតលើព្រៃកោងកាង តំបន់ខ្ពង់រាប និងព្រៃស្មាច់ក្នុងតំបន់ប្រព័ន្ធព្រែកស្រែអំបិល ដើម្បីស្វែងរកប្រភេទសត្វកម្រដូចជា សត្វសំពោចធំ និង សត្វភេរោមច្រមុះ ដែលជាការសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងផ្តល់ជាទិន្នន័យ សម្រាប់សកម្មភាពអភិរក្សជីវៈចម្រុះក្នុងតំបន់នោះ។ ការរកឃើញសត្វទាំង ៣ប្រភេទនេះ គឺជាលទ្ធផលគួជាទីមោទនៈ»។

លោក Chee Yoong, Woo មន្រ្ដីសម្របសម្រួលផ្នែកប្រភេទសត្វនៃអង្គការ IUCN បានលើកឡើងថា សម្រាប់សត្វភេរោមច្រមុះ ការរកឃើញប្រភេទសត្វដែលកម្រ និងពូកែលាក់ខ្លួនដូចជាសត្វភេរោមច្រមុះនេះ គឺជារឿងគួរឲ្យរំភើបរីករាយខ្លាំងណាស់ ។ កំណត់ត្រានេះផ្តល់បន្ថែមភស្តុតាងថា កម្ពុជាជាទីជម្រកដ៏សំខាន់មួយ ក្នុងសកលលោកសម្រាប់ប្រភេទសត្វនេះ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន អភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល បានមានប្រសាសន៍ថា «ជាង ២៥ឆ្នាំមកនេះអគ្គនាយកដ្ឋានជលផល បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ និងដៃគូអភិរក្សផ្សេងទៀត ដើម្បីការពារជីវៈចម្រុះដ៏ពិសេសប្លែក នៃតំបន់ទេសភាពស្រែអំបិល»។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាប្រព័ន្ធអេកូឡូស៊ីតំបន់ដី សើមតំបន់ឆ្នេរដ៏មានសារៈសំខាន់ដូចជា ប្រព័ន្ធព្រែក ព្រៃកោងកាង វាលភក់ និងតំបន់ដីមមោក ដែលជាទីជម្រក សម្រាប់ប្រភេទជីវចម្រុះសំខាន់ៗ ជាពិសេសប្រភេទ សត្វកម្រ ដែលបច្ចុប្បន្ននេះ ទើបប្រទះឃើញប្រភេទសត្វ ជិតផុតពូជចំនួន ៣ប្រភេទ រួមមាន សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការរស់រានតជំនាន់នៃសត្វព្រៃកម្រ»៕

To Top