កម្មករ ក្រុមហ៊ុន កូធីវើ ហ្គាម៉ិន ចូលធ្វើការធម្មតាវិញ ខណៈជនជាតិចិន ដែលប្រើអំពើហិង្សា ត្រូវបានដកបណ្ណការងារ និងបញ្ជូនទៅសមត្ថកិច្ចឯស្ត្រីដែលដួល ដោយសារការប្រើអំពើហិង្សា សុខភាពធម្មតា
កណ្ដាល ៖ កម្មករ-កម្មការិនីនៅរោងចក្រ កូធីវើ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលធ្វើការជាធម្មតាវិញ បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកគ្រប់គ្រងជនជាតិចិន ដែលពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ត្រូវបានដកបណ្ណការងារ និងបញ្ជូនទៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី ខណៈកម្មការិនីមានផ្ទៃពោះ ដែលបានដួលក្នុងហេតុការណ៍នេះ មានសុខភាពធូរស្បើយ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងតែងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខុមាលភាព និងសិទ្ធិរបស់កម្មករ-កម្មការិនីនៅតាមសហគ្រាស និងរោងចក្រ ហើយករណីដែលមានការប្រព្រឹត្តផ្ទុយនឹងច្បាប់ នឹងត្រូវបានចាត់វិធានការតាមនីតិវិធីជាធរមាន។
លោកបានបញ្ជាក់ថា៖ «ក្រសួងនឹងបន្តយកចិត្តទុកដាក់ ការពារសិទ្ធិ និងសុវត្ថិភាពរបស់កម្មករ-កម្មការិនីគ្រប់រូប ហើយរាល់ករណី ដែលមានការប្រព្រឹត្តខុសច្បាប់ ឬប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាព របស់កម្មករ-កម្មការិនី នឹងត្រូវបានចាត់វិធានការ តាមនីតិវិធីដោយមិនទុកឱ្យករណី នៅសេសសល់ឡើយ»។

លោក ស៊ុន មេសា បានបន្តថា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានចុះពិនិត្យ និងតាមដានស្ថានភាពដោយផ្ទាល់ ជាពិសេសសុខភាពរបស់កម្មការិនីមានផ្ទៃពោះដែលរងផលប៉ះពាល់ ខណៈស្ថានភាពការងារនៅក្នុងរោងចក្រ បានវិលត្រឡប់មកប្រក្រតីវិញ។

តាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសុខភាព កម្មការិនីមានផ្ទៃពោះឈ្មោះ ថន ង៉ិត ដែលបានដួលក្នុងហេតុការណ៍ប៉ះទង្គិចគ្នា។ ជាលទ្ធផល សុខភាពរបស់កម្មការិនីរូបនេះ មានសភាពធូរស្បើយ និងកំពុងបន្តសម្រាកព្យាបាលរហូតដល់ជាសះស្បើយ។

ចំពោះប្រាក់ឈ្នួល និង អត្ថប្រយោជន៍ផ្សេងៗ រោងចក្របានរក្សាទុកជូនកម្មការិនីរូបនេះ រហូតដល់អាចជាសះស្បើយ និងត្រឡប់ចូល បម្រើការងារវិញជាធម្មតា។ ជាមួយគ្នានេះ ក្រសួង និងមន្ទីរការងារខេត្តកណ្ដាល នឹងបន្តតាមដានស្ថានភាពរបស់កម្មការិនីរូបនេះ រហូតដល់មានសុខភាពល្អ។
ដោយឡែក អ្នកគ្រប់គ្រងជនជាតិចិនដែលពាក់ព័ន្ធនឹងហេតុការណ៍ ត្រូវបានចាត់វិធានការរដ្ឋបាល ដោយ ដកបណ្ណការងារ និងបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

