Feature

អ្នកជំនាញសេដ្ឋកិច្ច ៖ ការទាមទារឱ្យដំឡើង ប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ “គឺច្រើនហួសកម្រិត” ដែលអាចធ្វើឱ្យរោងចក្របិទទ្វារ ដោយសារតម្លៃពលកម្មថ្លៃ

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារគឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំង ដែលអាចធ្វើឱ្យមានការរើរោងចក្រ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណារួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។

លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា ប្រាក់ឈ្នួលពលកម្មអប្បបរមាដល់ ២៥០ ដុល្លារនេះ ខ្ញុំយល់ថា ជាកម្រិតមួយច្រើនហួសកម្រិត ដែលធ្វើឱ្យរោងចក្រសហគ្រាសទាំងអស់នឹងអាចបិទទ្វារ ដោយសារតែកម្លាំងពលកម្មថ្លៃពេក»។

ជាមួយគ្នានេះ លោកបណ្ឌិត បានពន្យល់ពីហានិភ័យនៃការរើរោងចក្រថា ប្រទេសក្នុងតំបន់នៅជិតកម្ពុជាដែលជាអ្នកផលិតផលិតផលកាត់ដេរដែរនោះ ដូចជាភូមា បង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងវៀតណាមជាដើមនឹង ទាញរោងចក្រឱ្យប្តូរទីតាំងព្រោះតម្លៃប្រាក់ឈ្នួលមានកម្រិតទាមជាងកម្ពុជា។

លោកបានថ្លែងថា៖ «បើយើងប្រៀបធៀបទៅបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសយើងមើលទៅប្រទេសវៀតណាម ដែលផលិតភាពការងារគាត់មានផលិតភាពខ្ពស់ ហើយប្រាក់ឈ្នួលនៅក្នុងប្រទេសវៀតណាម មានតែតំបន់ហូជីមិញមួយទេ ដែលមានប្រាក់ឈ្នួលអប្បបរមាប្រហាក់ប្រហែលនឹងកម្ពុជា តំបន់ផ្សេងទៀតនោះគឺមានប្រាក់ឈ្នួលទាបជាងកម្ពុជាយើង»។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ ក៏បានពន្យល់ថា ការចរចាប្រាក់ឈ្នួលគួរផ្អែកលើភស្តុតាងជាក់ស្តែងពីភាគីទាំងពីរ ដោយពិនិត្យទាំងអតិផរណា ការចំណាយរបស់កម្មករ និងសមត្ថភាពរបស់និយោជក។

លោកបានលើកឡើងថា៖ «ការកំណត់ប្រាក់ឈ្នួលក៏ត្រូវពិនិត្យលើស្ថានភាពជាក់ស្តែងរបស់រោងចក្រ សហគ្រាស និងថ្លៃដើមផលិតកម្ម រួមទាំងការដឹកជញ្ជូន ភស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងវត្ថុធាតុដើម ដើម្បីស្វែងរកអត្រាប្រាក់ឈ្នួលដែលសមស្រប»។

សូមបញ្ជក់ថា ផ្តល់យោបល់ពីអ្នកវិភាគបែបនេះគឺ ធ្វើឡើងក្នុងពេល ដែលក្រុមសហជីពមួយចំនួនតូចកំពុងបើកយុទ្ធនាការ ទាមទារប្រាក់ឈ្នួលចំនួន២៥០ដុល្លារសម្រាប់ប្រាក់ឈ្នួលគោលឆ្នាំ២០២៧ ខណៈដែលយន្តការចរចាត្រីភាគីបាននិងកំពុងដំណើរការចរចាចំនួន៥លើករួចមកហើយ៕

To Top