លោក ហួត ហាក់ ៖ ខេត្តកំពង់ចាម ជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ និងជាច្រកតភ្ជាប់យុទ្ធសាស្ត្រ រវាងភ្នំពេញ និងភូមិភាគឦសាន
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមើលឃើញថា ខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្រ រវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភូមិភាគឦសាន ថែមទៀតផង ។

ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសរួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុ វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កំពង់ចាម ឆ្នាំ២០២៦-២០៣០ » នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ។ ផែនការនេះ គឺជាលទ្ធផ ល នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញ នូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពល ដែលមានស្រាប់ ឱ្យទៅជាផលិត ផ ល និងបទពិសោធទេសចរណ៍ ដែលមានតម្លៃបន្ថែមខ្ពស់។

ក្នុងពិធីដ៏អធិកអធមនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការ អបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលជាច្រើនដ៏គួរជាទីមោទនៈ ដែលខេត្តកំពង់ចាម សម្រេចបានក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំ ដ៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ខេត្ត។ សមិទ្ធផលរឹង និងទន់ទាំងនេះ មិនត្រឹមតែបានលើកកម្ពស់ជីវភាព និងសម្រួលដល់ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានពង្រឹង និងពង្រីកការតភ្ជាប់ ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំ ខាន់ ៗ បង្កើតបរិយាកាសកាន់តែអំណោយផល សម្រាប់ការធ្វើធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍវិស័យ ទេសចរណ៍ ប្រកបដោយចីរភាពផងដែរ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បញ្ជាក់បន្ថែមថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាព សេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែក ធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជា គោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្រ រវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភូមិភាគឦសានផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ និងកោតសរសើរ ចំពោះគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗ របស់ខេត្តកំពង់ចាម ដែលនឹងលេចរូបរាងឡើង នៅពេលឆាប់ៗខាងមុខនេះ ដែលនឹងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានកាន់តែច្រើនឡើងបន្ថែមទៀត រួមមាន៖ កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក, មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍, ការជួសជុលកែលម្អច្រាំងទន្លេ និងការរៀបចំសួនតេជោធិបតី ព្រមទាំងការរៀបចំផ្លូវថ្មើរជើងផងដែរ ដែលជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី។ ពិតណាស់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសម្បទាគាំទ្រ ដែលមានភាពច្នៃប្រតិដ្ឋ ព្រមទាំងគម្រោងសាងសង់រូបសំណាក ដែលជាអត្តសញ្ញាណខេត្ត គឺជាផលិតទេសចរណ៍ដែលមានភាពទាក់ទាញ និងមានតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍។

គួរឱ្យដឹងថា ខេត្តកំពង់ចាម បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ សម្បទាគាំទ្រវិស័យទេសចរណ៍ និងជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញ ស្របតាម «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» ដើម្បីក្លាយជាគោលដៅ សម្រាកកាយចុងសប្តាហ៍ ដ៏ស័ក្តិសមបំផុត សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទទួលយកបទពិសោធថ្មីៗ និងសម្បូរបែប ដែលមិនអាចបំភ្លេចបាន៕



