កម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុន រោងចក្រជាង ៣ពាន់ មានទុនសរុប ២៨ពាន់លានដុល្លារ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនរោងចក្រចំនួន ៣ ៣៥៧រោងចក្រ ប្រើប្រាស់កម្លាំងសរុបជាង ១លាននាក់ ហើយមានទុនវិនិយោគសរុប ២៨ពាន់លានដុល្លារ ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC” នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ជាទិដ្ឋភាពរួមវិស័យឧស្សាហកម្មកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ យើងមានក្រុមហ៊ុនរោងចក្រចំនួន ៣ ៣៥៧រោងចក្រ ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅតាមបណ្ដាលរាជធានី-ខេត្ត ទាំង២៥ របស់យើង»។
សម្ដេចធិបតី បន្ដថា ក្រុមហ៊ុនរោងចក្រចំនួន ៣ ៣៥៧រោងចក្រ នោះ មានប្រើប្រាស់កម្លាំងសរុបជាង ១លាននាក់ ក្នុងនោះស្ដ្រី មានជាង ៩០ម៉ឺននាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល ហើយមានទុនសរុប ២៨ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ៦ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៨,៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
សម្ដេចធិបតី បន្ថែមថា ក្នុងនោះ ទុនវិនិយោគសរុបមានចំនួនជាង ៤,៣ពាន់លានដុល្លារអាមេរិក ស្មើនឹង ១៥,៤៦ នៃទុនវិនិយោគសរុប។ ដូច្នេះ ការជំរុញ និងកើតរោងចក្របង្គំនៅកម្ពុជា បានជួយកាត់បន្ថយការនាំចូលផលិតសម្រេចពីខាងក្រៅ ជំនួសមកវិញផលិតនៅបង្គំក្នុងស្រុក៕
