AOT-KH ចុះពិនិត្យ ជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ
ភ្នំពេញ ៖ អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះពិនិត្យជាក់ស្តែង ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង២២នាទី អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យជាក់ស្តែង អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ។ បើតាមអ្នកនាំពាក្យតំបន់នេះ បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៣,៣១៨ គ្រួសារ ស្មើនឹង ១៣,២៥៩ នាក់ នៅពុំទាន់អាចវិលចូលទៅរស់នៅក្នុងលំនៅដ្ឋាន ពួកគាត់វិញបាននៅឡើយ ដោយសារផ្ទះសម្បែង របស់គាត់ត្រូវបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង និងគ្រាប់ផ្លោង ព្រមទាំងការចូលកាន់កាប់ ដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។

អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាស្វាគមន៍តួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង ការគាំទ្រការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្តរវាងភាគីកម្ពុជា-ថៃ។

សូមបញ្ជាក់ថា ការចុះសង្កេតការណ៍ ការពិនិត្យ និង ការផ្ទៀងផ្ទាត់ដោយផ្ទាល់នេះ ក៏បានផ្តល់ឱកាសឱ្យគណៈប្រតិភូ បានឃើញដោយផ្ទាល់ នូវផលប៉ះពាល់មនុស្សធម៌ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែង ខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទី៤របស់សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ កម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិល ស្លូតត្រង់របស់កម្ពុជា អាចវិលត្រលប់ទៅលំនៅដ្ឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស៕






