Feature

កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងបង្កបរិយាកាសវិនិយោគ កាន់តែប្រសើរនៅកម្ពុជា

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាគាំទ្រធុរកិច្ចសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ក្រោមប្រធានបទ៖ “ច្បាប់ស្តីពីការងារ និងបច្ចុប្បន្នភាពនៃបរិយាកាសការងារនៅកម្ពុជា” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលសហការរៀបចំជាមួយក្រសួងដោយអង្គភាពសេវាការងារនិងមុខរបរនៃក្រសួងការងារកូរ៉េ (KLES) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA)។

ថ្លែងទៅកាន់អ្នកចូលរួមមកពីបណ្តាក្រុមហ៊ុនកូរ៉េ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាចំនួន៤៥ក្រុមហ៊ុន នាឱកាសនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ទីភ្នាក់ងារ KOTRA និងអង្គភាព KLES ដែលបានសហការជាមួយក្រសួងរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង ដោយចាត់ទុកវេទិកានេះ ជាការយកចិត្តទុកដាក់ខ្ពស់ របស់ស្ថានទូតកូរ៉េ ក្នុងការគាំពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េ ក្នុងការយល់ដឹង បន្ថែមទៀតពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីចូលរួមអនុវត្ត ឱ្យមានអនុលោមភាពតាមច្បាប់ ដែលជាចំណុចស្នូល ការធានាបាននូវភាពជោគជ័យ នៃអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងជោគជ័យ នៅកម្ពុជា។

លោកគូសបញ្ជាក់ថា ដើម្បីឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការរីកចម្រើននៃពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កម្ពុជាកំពុងធ្វើបរិវត្តកម្ម និង ធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តលើវិស័យការងារ រួមទាំងលក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ និងសុវត្ថិភាព និងសុខភាពការងារ ឱ្យស្របតាមបទដ្ឋានការងារអន្តរជាតិ។

នាឱកាសនោះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលភាគីកូរ៉េបានផ្តល់ឱកាសការងារជូនពលករកម្ពុជា ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាពដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គម  ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ  ហើយបច្ចុប្បន្នកំពុង ជួយផ្តល់ជំនួយបច្ចេកទេស សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាព និងសុខភាពការងារ។

លោករដ្ឋមន្រ្តីលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េទាំងអស់ ចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់ កាន់តែរីកចម្រើន ពង្រីកការវិនិយោគទុន និងទាក់ទាញវិនិយោគទុនថែមទៀតពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ លោកបញ្ជាក់ជូនថា ប្រសិនបើមានចំណុចប្រឈម និងមិនយល់ច្បាស់ពីនីតិវិធីនានា ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីជំនាញក្រសួងរីករាយផ្តល់ការប្រឹក្សាយោបល់ ឬអាចទាក់ទងសួរព័ត៌មាន បន្ថែមតាមរយៈលេខ Hotline ១២៩៧ ។

នាឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតកូរ៉េ គឹម ឆាងយ៉ុង បានលើកឡើងថា សិក្ខាសាលានេះ នឹងជួយស្វែងរកកាលានុវត្តភាព សម្រាប់ការគ្រប់គ្រង អាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េ ឱ្យកាន់តែជោគជ័យ និងពង្រឹងបណ្តាញទំនាក់ទំនងសហប្រតិបត្តិការ ។ លោកគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េប្រកាន់ជំហរយ៉ាងមុតមាំ ពីការគោរព និងការពារឱ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិកម្មករនិយោជិត ដែលធ្វើការឱ្យក្រុមហ៊ុនកូរ៉េ។ លោកនឹងបន្តលើកទឹកចិត្តទាក់ទាញវិនិយោគទុនកូរ៉េបន្ថែមទៀតមកបណ្តាក់ទុន នៅកម្ពុជា រួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារ និងរួមចំណែកធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ៕

To Top