ព្រឹត្តិការណ៍ «រត់ដើម្បីបេតិកភណ្ឌ» ទាក់ទាញភ្ញៀវទេសចរ ចូលរួមចំនួន ១ ២០០នាក់
ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡា «រត់ដើម្បីបេតិកភណ្ឌ» អបអរសាទរខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទាក់ទាញភ្ញៀវទេសចរចូលរួមចំនួន ១ ២០០នាក់ រត់លើវិញ្ញាសាចម្ងាយ ៧គីឡូម៉ែត្រ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាល ខេត្តព្រះវិហារ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីបេតិកភណ្ឌ» អបអរសាទរខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងគោលបំណង លើកស្ទួយតម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាង្គប្រាសាទ សំណង់ធារាសាស្ត្របុរាណ ទេសភាពធម្មជាតិ និងជីវចម្រុះនៅក្នុងរមណីយដ្ឋានកោះកេរ ដែលជាកេរដំណែលដ៏មហាសាល ពុំអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ ព្រមទាំងលើកកម្ពស់ការ យល់ដឹងអំពីបេតិកភណ្ឌ ដល់យុវជនជំនាន់ក្រោយ ចំពោះភារកិច្ចរួមក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។

ការទទួលស្គាល់អតីតរាជធានីកោះកេរ ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ដោយគណៈកម្មការបេតិកភណ្ឌពិភពលោក នៃ អង្គការយូណេស្កូ ឆ្លុះបញ្ចាំងពីតម្លៃលេចធ្លោជាសកលរបស់កោះកេរ និងលើកតម្លៃកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់កម្ពុជានៅលើ ឆាកអន្តរជាតិ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិ ព្រះវិហារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បាន ខិតខំប្រឹងប្រែង រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗរួមមាន ការអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កជើង ប្រាសាទប្រាំ ប្រាសាទ ក្រហម ប្រាសាទគោកគ្រង និងប្រាសាទក្រចាប់ ការជួសជុលបដិមាព្រះឥសូររាំដ៏អស្ចារ្យ ព្រមទាំងការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើ ផ្នែកបុរាណវិទ្យា ជាតិពន្ធុវិទ្យា ស្ថាបត្យកម្ម និងអេកូឡូស៊ី ដើម្បីស្វែងយល់បន្ថែម អំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនាសម័យនោះ ។
អាជ្ញាធរជាតិ ព្រះវិហារ បានថ្លែងអំណរគុណ ចំពោះស្ថាប័នជាតិនិងអន្តរជាតិដូចជាអង្គការយូណេស្កូ អង្គការ ALIPH វិទ្យាស្ថានបារាំងចុងបូព៌ា វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យនានាមកពីប្រទេសជប៉ុន កាណាដា សហរដ្ឋអាមេរិច និងអាល្លឺម៉ង់ ដែលចូលរួមគាំទ្រសកម្មភាពការងារអភិរក្ស ជួសជុល ស្រាវជ្រាវ កន្លងមក។
អាជ្ញាធរជាតិព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណចំពោះភ្ញៀវទេសចរទាំងអស់ ដែលបានចូលរួមយ៉ាងកុះករក្នុង ព្រឹត្តិការណ៍កីឡា “រត់ដើម្បីបេតិកភណ្ឌ” នេះ ដែលមិនត្រឹមតែជាការចូលរួមអបអរសាទរ ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទ កោះកេរក្នុងបញ្ជី បេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋាន បេតិកភណ្ឌវប្បធម៌នេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត៕
